នាយករដ្ឋមន្ត្រីសិង្ហបុរី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានអាយុ៦០ឆ្នាំហើយ
នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ៨៖៤០នាទី។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់របស់លោកនាយករដ្ឋមន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, លោក អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចលោក ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ យោងតាមក្រសួងការបរទេសកម្ពុជា Read more