បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំង ដែលឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ឯកឧត្តម កែ គឹមយ៉ាន បានផ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាចក្រកម្ពុជា និង សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ លោក លោកស្រី និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនាមតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម កែ គឺមយ៉ាន សូមសម្តែងនូវការកោតសរសើរដល់កងម្លាំងគ្រប់ប្រភេទនៅតាមភូមិសាស្រ្តទាំងអស់ ក្នុងការរួមចំណែកការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ ក្នុងរយៈពេលកន្លងមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ និងសេចក្តីថ្លៃថ្នូរ មិនខា្លចនឿយហត់ ចាកឆ្ងាយពីក្រុមគ្រួសារ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងពីសារះសំខាន់តួនាទី និងភារកិច្ចរបស់កងកម្លាំងគ្រប់ប្រភេទក្នុងការចូលរួមថែរក្សាការពារបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ។ក្រៅពីកិច្ចការស្នូលនេះ កងកម្លាំងយើងបានចូលរួមបង្រ្កាបនិងទប់ស្កាត់បទល្មើសឆ្លងដែន គ្រឿងញៀន ជួញដូរមនុស្ស ព្រៃឈើ និងបទល្មើសផ្សេងៗជាពិសេសការជួយទុក្ខលំបាកប្រជាជនក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយស្មារតីបុរេសកម្ម។
ឯកឧត្តម កែ គឹមយ៉ាន បានផ្តាំផ្ញើដល់ កងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗដែលរួមមាន៖ ត្រូវបន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិឲ្យបានរឹងមាំ ប្តូរផ្តាច់ការពារសន្តិភាព ស្ថិរភាពនយោបាយ ការពារអធិតេយ្យ បូរណភាពដែនដី ។ ចូលរួមពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមូយអង្គភាពពាក់ព័ន្ធ។បន្តចូលរួម និងជួយអន្តរាគមន៍ចាំបាច់សមស្របនានា ក្នុងពេលដែលប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិ។ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។
ឯកឧត្តម កែ គឹមយ៉ាន និង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំង អាជ្ញាធរដែនដី និងមន្រ្តីពាក់ព័ន្ធទាំងអស់។
















