ទន្ទឹមគ្នានឹងភារកិច្ចស្នូលនូវកងកម្លាំងនគរបាលជាតិ គ្រប់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ប្រជាការពារក៏ជាតួអង្គរួមចំណែក គាំទ្រការងារថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។
សម្រាប់ មេឃុំព្រៃត្រឡាច លោកមេឃុំ ភិន ផុន បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នប្រជាការពារក្នុងឃុំរបស់លោកមានចំនួន៦៥នាក់ ហើយលោកបានបែងចែកទៅតាមក្រុមគោលដៅតាមភូមិនីមួយៗចំនួន ៨នាក់។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកមេឃុំ បានឱ្យដឹងថា «ខ្ញុំបានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សា ជាមួយនគរបាល និងប្រជាការពារ ដោយក្នុងនោះសម្រាប់ប្រជាការពារ ខ្ញុំក៏បានណែនាំឱ្យយកចិត្តទុកដាក់ចំពោះការបំពេញការងារទៅតាមគោលដៅនីមួយៗឱ្យបានសកម្ម ដើម្បីចូលរួមចំណែក ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរាបរយទៅតាមគោលដៅដែលបានរៀបចំ ទាំងពិធីបុណ្យសង្ក្រាន្ត ការរាំលេង កម្សាន្តសប្បាយ និងជាពិសេសនៅតាមវត្តអារាម ដែលមានបងប្អូន ប្រជាពលរដ្ឋនាំគ្នាបំពេញបុណ្យបំពេញទានច្រើន»។
លោកបានបន្ថែមថា ប្រជាការពារក្នុងមូលដ្ឋានរបស់លោកក្នុងឱកាសឆ្នាំថ្មីក៏អាចទទួលបាននូវថវិកាលើកទឹកចិត្តពីព្រះសង្ឃ ពីពុទ្ធបរិស័ទ មហាជន បន្ថែមលើការគាំទ្រថវិកាពីរដ្ឋបាលឃុំ ក្នុងមួយនាក់ទទួលបាន៥ម៉ឺនរៀល៕ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ