បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។
ថ្លែងនាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានគូសបញ្ជាក់រំលេចពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ច្បាស់លាស់ ស៊ីជម្រៅ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គម កម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ឯកឧត្ដម បន្តថា ដើម្បីឱ្យសេចក្តីព្រាងក្រខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន រយៈពេលប្រាំឆ្នាំ នៃផែនការអភិវឌ្ឍន៍ខេត្ត (២០២៥-២០២៩) មានខ្លឹមសារកាន់តែល្អប្រសើរ និងគ្រប់ជ្រុងជ្រោយឆ្លើយតបទៅ នឹងទិដ្ឋភាពអភិវឌ្ឍន៍ជាក់ស្តែងរបស់ខេត្ត និងទិដ្ឋភាពជាសារវ័ន្ត នៃក្របខ័ណ្ឌច្បាប់ ក្របខ័ណ្ឌគោលនយោបាយនានាជាធរមានរបស់រាជរដ្ឋាភិបាល គឺពិតជាមិនអាចខ្វះបាននូវការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធ។
ឯកឧត្ដម ស្នើសុំឱ្យអ្នកពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងយកអស់ស្មាតីក្នុងការពិនិត្យនូវចំណុចខ្វះចន្លោះ ឬចូលរួមកែតម្រូវព័ត៌មាន ទិន្នន័យ ឬបំពេញបន្ថែមនូវខ្លឹមសារជាសារវ័ន្តនានាថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យខ្លឹមសារ នៃសេចក្តីព្រាងឯកសារទាំងពីរនេះ កាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបាន មុននឹងក្រុមការងារ ដំណើរការរៀបចំនូវជំហានជាបន្តបន្ទាប់ទៅមុខ ទៀតស្របតាមប្រតិទិន នៃដំណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋ បាលខេត្ត ដែលត្រូវបញ្ចប់ទាំងស្រុង នាដំណាច់ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕







