តាកែវ៖ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាធិបតីភាពក្នុងពិធី ប្រកាសចូលកាន់មុខតំណែងមន្រ្តី រាជការ នៃរដ្ឋបាលខេត្តនិងជួបសំណេះសំណាលជាមួយមន្រ្តីរាជការរដ្ឋបាលខេត្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
បើតាមលោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ ឡើងអានដីការរបស់ រដ្ឋបាលខេត្តតាកែវ ស្ដីពីការបញ្ចប់ភារកិច្ចផ្លាស់ប្ដូរភារកិច្ច តែងតាំង និងប្រគល់ភារកិច្ច ជូនមន្រ្តីរាជការស៊ីវិល នៃរដ្ឋបាលខេត្ត ចំនួន ២៦រូប ក្នុងនោះ មន្រ្តីរាជការដែលប្រកាស តែងតាំង លោក ភុំ ផល ជា នាយកទីចាត់ការរដ្ឋបាល, លោក ឆេង ចន្ថា ជា នាយកទីចាត់ការផែនការនិងវិនិយោគខេត្ត, លោក យស ចំណាន ប្រធានអង្គភាពលទ្ធកម្ម និងមន្រ្តីនាយករងទីចាត់ការ អនុប្រធានអង្គភាព ប្រធាន អនុប្រធាន ការិយាល័យនិងមន្រ្តីមួយចំនួនទៀត ។
មានប្រសាសន៍សំណេះសំណាលនាឳកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការផ្តាំផ្ញើ ដល់មន្រ្តីរាជការទើបទទួលបានការ ផ្លាស់ប្តូរតែងតាំងមុខតំណែងថ្មី ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អ ក្នុងចំណោមមន្ត្រីទាំងអស់ក្នុងអង្គភាពរបស់ខ្លួន និងត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ក្នុងអង្គភាពឱ្យបានល្អ និង ត្រូវបន្តខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចស្នួលរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់៕











