ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទក្តៅដែលគ្មានព្រំដែន និងមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហារួមរបស់តំបន់ និងពិភពលោក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ ការយល់ដឹងអំពីការពិត និងការសម្រេចចិត្តរបស់សាធារណជន ព្រមទាំងបង្កឱ្យមានបញ្ហាសង្គមជាច្រើនទៀត។
ឯកឧត្តមបានលើកឡើងថា ជនខិលខូចមួយចំនួនបានទាញយកប្រយោជន៍ពីប្រព័ន្ធព័ត៌មានក្លែងក្លាយ ដើម្បីបម្រើគោលដៅនយោបាយ សេដ្ឋកិច្ច និងដើម្បីបំផ្លិចបំផ្លាញទំនាក់ទំនង ឬកេរ្តិ៍ឈ្មោះ។ ជាក់ស្តែង ដូចករណីដែលស្ថានទូតចិនបានលើកឡើងអំពីការបំប៉ោងព័ត៌មាន ក្នុងបំណងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិនជាដើម។
ដូច្នេះ ដើម្បីទប់ស្កាត់បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការសំខាន់ៗ ក្នុងការកសាងបណ្តាញអ្នកសារព័ត៌មាន និងអាជ្ញាធរដឹកនាំរវាងប្រទេសក្នុងតំបន់ ដើម្បីផ្លាស់ប្តូរ ចែករំលែក និងដឹងមុនអំពីព័ត៌មានក្លែងក្លាយដែលកើតមានក្នុងប្រទេសនីមួយៗ។
ការឆ្លើយតប និងទប់ស្កាត់ត្រូវធ្វើឡើងជាបន្ទាន់ ដោយមិនទុកពេលវេលាចន្លោះឱ្យព័ត៌មានក្លែងក្លាយដឹកមុខឡើយ ត្រូវចាត់វិធានការភ្លាមៗ តាមរយៈការវាយត្រា បញ្ជាក់ថាជាព័ត៌មានក្លែងក្លាយ និងធ្វើការបកស្រាយការពិតជូនសាធារណជន ដើម្បីទប់ស្កាត់ការចែករំលែកបន្ត។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលសង្គ្រាមព័ត៌មានមានភាពស្រួចស្រាវ ការរួមគ្នាក្នុងក្របខ័ណ្ឌអនុតំបន់ទន្លេមេគង្គ-ឡានឆាង មានគោលដៅធានាសុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ទទួលបានតែព័ត៌មានពិត និងត្រឹមត្រូវ សម្រាប់ជាមូលដ្ឋានក្នុងការយល់ដឹង និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត។
សំឡេង៖ «នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មាន គឺជាសង្គ្រាមមួយដ៏ស្រួចស្រាវ ហើយគេអាចបង្កើតព័ត៌មានដើម្បីបំប៉ោង បំភ្លើស ហើយបងប្អូនដែលមិនបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ឬក៏មិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ គឺគាត់មានការជឿ។ អ៊ីចឹង អ្វីដែលយើងបានរួមគ្នានៅពេលនេះ គឺដើម្បីផ្តល់នូវសុវត្ថិភាពព័ត៌មានទៅឱ្យបងប្អូនប្រជាពលរដ្ឋ។ ការប្រើប្រាស់ព័ត៌មាន គឺជានិរន្តរភាពព័ត៌មានដែលមានសុវត្ថិភាព។
នេះជាអ្វីដែលយើងបានមើលឃើញនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរួមនៅក្នុងអនុតំបន់ទន្លេមេគង្គ-ឡានឆាងនេះ ហើយយើងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទាំងអស់គ្នា ដើម្បីធ្វើម៉េចឱ្យប្រជាពលរដ្ឋដែលត្រូវការព័ត៌មាននេះ ទទួលបានព័ត៌មានដែលបានផ្សព្វផ្សាយ គឺជាព័ត៌មានពិត និងត្រឹមត្រូវ ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ការសម្រេចចិត្តរបស់គាត់ និងដល់ការយល់ដឹងរបស់គាត់ដែលត្រឹមត្រូវ ប៉ុន្តែមិនមែនជាព័ត៌មានក្លែងក្លាយ»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលបានប្រមូលផ្តុំតំណាងមកពីបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងចិន ដើម្បីធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមគ្មានព្រំដែន និងមិនមែនជារឿងដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ។
កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលដៅនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ហើយតាមរយៈនេះ ក្រសួងព័ត៌មាននឹងបន្តពង្រឹងយុទ្ធនាការគ្មានព័ត៌មានក្លែងក្លាយ ចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានឌីជីថល វិជ្ជាជីវៈសារព័ត៌មាន ដើម្បីលើកកម្ពស់បូរណភាពព័ត៌មានឱ្យកាន់តែរឹងមាំ និងពង្រឹងទំនុកចិត្តរបស់សាធារណជនឱ្យកាន់តែទូលំទូលាយ៕




