ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារលិខិតអបអរសាទរ និងសម្តែងព្រះរាជហឫទ័យរីករាយជាអនេក ព្រមទាំងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះថ្នាក់ដឹកនាំ ប្រធានសភា គណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុង «សន្និសីទប្រធានសភានៃអន្តរសភាលើកទី២» ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងព្រះរាជសារ ព្រះអង្គបានគូសបញ្ជាក់ពីសារៈសំខាន់នៃវត្តមានរបស់ថ្នាក់ដឹកនាំ និងប្រតិភូទាំងអស់ ដែលជាសក្ខីភាពបង្ហាញពីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភា ដើម្បីទ្រទ្រង់សន្តិភាព ស្ថិរភាព និងវិបុលភាព។
ព្រះមហាក្សត្របានរំលេចថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី» ដែលជាប្រធានបទប្រកបដោយអត្ថន័យ និងសមស្របយ៉ាងខ្លាំងទៅនឹងស្ថានការណ៍ពិភពលោកបច្ចុប្បន្ន។
ជាមួយគ្នានេះ ព្រះអង្គបានលើកឡើងពីបទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការបែកបាក់ ហើយបានស្វែងរកសន្តិភាពពេញលេញមកវិញ តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
បន្ថែមពីនេះ ព្រះអង្គបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ស្ថាប័នសភា ក្នុងការបង្កើតច្បាប់ ការពង្រឹងគណនេយ្យភាព និងការទូតសភា ដើម្បីបង្កើតបរិយាកាសនៃការយោគយល់គ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕













