រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្តាំផ្ញើដល់ក្រុមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ ចេញទៅបន្តការសិក្សានៅប្រទេសបារាំងថា ត្រូវចៀសវាងការយកបញ្ញាសិប្បនិម្មិត (AI) មកដោះស្រាយបញ្ហាជំនួសទាំងស្រុង ដែលអាចនាំឱ្យបាត់បង់សមត្ថភាពរបស់ខ្លួន។
ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់និស្សិតជ័យលាភីទាំង ១០រូប ដែលបានឆ្លងកាត់វគ្គជម្រុះជ្រើសរើសយ៉ាងលំបាក រហូតទទួលបានជោគជ័យ និងទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសបារាំង។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសំណេះសំណាលស្វែងយល់ពីបទពិសោធន៍របស់និស្សិតពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជួយដល់ការសិក្សា ព្រមទាំងបានណែនាំពីរបៀបដែលនិស្សិតគួរប្រើប្រាស់ AI ជាជំនួយ ឬជាតម្រង់ទិសក្នុងការដោះស្រាយលំហាត់លំបាកៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀនសូត្រ និងចៀសវាងការឱ្យ AI ដោះស្រាយជំនួសទាំងស្រុង ដែលអាចនាំឱ្យបាត់បង់សមត្ថភាពគិតពិចារណារបស់ខ្លួន។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក៏បានក្រើនរំលឹកឱ្យនិស្សិតប្រកាន់ខ្ជាប់នូវគោលដៅសិក្សាពិតប្រាកដ គឺការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ដើម្បីបង្កើតអ្វីដែលថ្មី សម្រាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលេចពីគំរូវីរភាពរបស់ឥស្សរជន និងបញ្ញវន្តល្បីៗកម្ពុជា ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យល្បីឈ្មោះនៅប្រទេសបារាំង ហើយបានត្រឡប់មកបម្រើជាតិមាតុភូមិវិញ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រំពឹងយ៉ាងមុតមាំថា និស្សិតនឹងខិតខំរៀនសូត្រ នាំយកចំណេះដឹង និងជំនាញពិតប្រាកដ មកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា កម្ពុជា-បារាំង មានប្រវត្តិកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយូរអង្វែងលើវិស័យអប់រំ តាមរយៈកម្មវិធីអាហារូបករណ៍ដែលរៀបចំឡើងដោយក្រសួងអឺរ៉ុប និងកិច្ចការបរទេសបារាំង ដើម្បីទាក់ទាញនិស្សិតអន្តរជាតិឆ្នើមៗ ឱ្យទៅបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសបារាំង៕


