ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានគេសង្កេតឃើញថា ជាតំបន់ដែលតែងតែលេចឮព័ត៌មានអំពីការបង្ក្រាបបទល្មើស ជាពិសេសបទល្មើសពាក់ព័ន្ធនឹងការលួចនាំទំនិញឆ្លងដែន រត់ពន្ធមនុស្សជាពលករឆ្លងដែន និងសកម្មភាពខុសច្បាប់ផ្សេងៗ។
ថ្មីៗនេះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគ៥ បានបង្ហោះរូបបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ដូចនេះ ៖ ម៉ោង៥:៥០ថ្ងៃទី ១១ សីហា ២០២៦ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ( គ្មានទំនិញគេក៍យើងរស់បានដែរ ) ។
យោងរបាយកាណ៍ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៥:៥០នាទី កម្លាំងសមត្ថកិច្ចចម្រុះបានចុះល្បាត និងស្ទាក់ចាប់បាននូវករណីលួចដឹកជញ្ជូនសាច់បង្កកចម្រុះខុសច្បាប់ចំនួន៩៣កេស ស្មើនឹង១,១១៦គីឡូក្រាម ដែលត្រូវបានគេនាំចូលពីប្រទេសថៃ ឆ្លងដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា នៅត្រង់ចំណុចភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការល្បាត បង្ក្រាបនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដោយមានការសហការគ្នាយ៉ាងសកម្មរវាងកម្លាំងសមត្ថកិច្ចយោធាកងពលតូចលេខ៥១,នគរបាលការពារព្រំដែន៨១៥ និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ។
ទោះជាយ៉ាងណា ការបង្ក្រាបជាញឹកញាប់បានធ្វើឱ្យមានសំណួរពីសាធារណជនថា ហេតុអ្វីបានជាបទល្មើសនៅតែបន្តកើតមាន ប្រសិនបើការអនុវត្តច្បាប់ត្រូវបានធ្វើឡើងជាប្រចាំ។
មហាជនមួយចំនួនយល់ថា ការបង្ក្រាបតែម្តងម្កាលមិនគ្រប់គ្រាន់ទេ ប្រសិនបើមិនមានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងការស៊ើបអង្កេតលើបណ្តាញដែលនៅពីក្រោយសកម្មភាពទាំងនោះ។
គួររំលឹកផងដែរនៅស្រុកម៉ាឡៃនេះ ថ្នាក់ដឹកនាំក៏ធ្លាប់មានចំណាត់ការក្តៅ ដកបញ្ឈជើងមន្រ្តីមួយចំនួនផងដែរ ៕





