ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញមន្ត្រីប្រើសៀវភៅណែនាំនីតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ជាគ្រឹះពង្រឹងយុត្តិធម៌ ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស ។
សៀវភៅគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាសមស្រប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
ក្នុងឱកាសនោះប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកសៀវភៅនេះ ជានីតិវិធី និងជាមធ្យោបាយដ៏មានសារៈសំខាន់សម្រាប់ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ តាមរយៈនេះ ជនរងគ្រោះ នឹងទទួលបានការយកចិត្តទុកដាក់ផ្តល់សេវាស្តារនីតិសម្បទា សេវាសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងសេវាសង្គម ការធ្វើសមាហរណកម្ម សេវាផ្លូវច្បាប់ និងការធ្វើមាតុភូមិនិវត្តន៍ជាដើម។
ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ទៀតថា សៀវភៅនេះ នឹងក្លាយជានីតិវិធីដ៏ច្បាស់លាស់ក្នុងការកំណត់ និងញែកឱ្យដាច់ស្រឡះរវាង ជនរងគ្រោះពិតប្រាកដ ដែលត្រូវទទួលបានការថែទាំ គាំពារ និងឧបត្ថម្ភ និងជនល្មើសពិតប្រាកដ ដែលត្រូវប្រឈមមុខ និងទទួលទោសតាមច្បាប់ជាធរមាន។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សៀវភៅណែនាំថ្មីនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននានា ជាពិសេសអំពើជួញដូរមនុស្ស និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា ឱ្យកាន់តែមានផ្លែផ្កា ស្របតាមឆន្ទៈ និងទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពីវេទិកានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ញើសារអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ច អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងឡាយ ដែលមានភារកិច្ចប្រើប្រាស់សៀវភៅគោលការណ៍ណែនាំនេះ ត្រូវទទួលបានការបណ្តុះបណ្តាលយល់ដឹងឱ្យបានត្រឹមត្រូវ និងពេញលេញជាមុនសិន មុននឹងយកទៅអនុវត្តជាក់ស្តែង ព្រមទាំងត្រូវប្រើប្រាស់ឱ្យមានភាពឯកភាពគ្នា ប្រកបដោយស្មារតីសហការជិតស្និទ្ធ និងគោរពតាមតួនាទី ភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះពិតប្រាកដ និងធ្វើជាមូលដ្ឋានគ្រឹះក្នុងការវែកមុខស្វែងរកជនល្មើស មកទទួលទោសតាមច្បាប់ជាធរមានដោយគ្មានការលើកលែង៕









