រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ បន្តចូលរួមលើកកម្ពស់ការអភិវឌ្ឍជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ។
ក្នុងពិធីបិទវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអំពាវនាវអង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព ស្របតាមគោលការណ៍ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា វេទិកាដែលបានរៀបចំរហូតមកដល់លើកទី៧នេះ បានស្តែងឱ្យឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងពង្រឹងយន្តការសន្ទនាជាប្រព័ន្ធរវាងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ក្នុងស្មារតីជាដៃគូពិតប្រាកដ។
ឯកឧត្តមអភិសន្តិបណ្ឌិត បន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តរក្សាជំហរចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ចាប់តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែង គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ ការចុះបញ្ជីអង្គការសង្គមស៊ីវិលក្នុងស្រុក មានចំនួនសរុប ៦ ៥៩៧ ក្នុងនោះមានសមាគមចំនួន ៣ ០០១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣ ៥៩៦។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានចាត់ទុកវេទិកាលើកទី៧នេះ ជាវេទិកាដ៏មានសារៈសំខាន់ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូររបៀបធ្វើការ របៀបទំនាក់ទំនង របៀបទទួលសេវា និងរបៀបដែលប្រជាពលរដ្ឋចូលរួមនៅក្នុងកិច្ចការសង្គម។ ដូច្នេះ បរិបទឌីជីថល បានបង្កើតឱកាសថ្មីៗសម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មាន កៀរគរធនធាន សម្របសម្រួលសកម្មភាពផ្តល់សេវាដល់សហគមន៍ និងបង្កើនការចូលរួមរបស់ពលរដ្ឋ។ដោយឡែកចំពោះបញ្ហាប្រឈមទាំងឡាយដែលបានលើកឡើងក្នុងវេទិកានេះដែរ ប្រមុខក្រសួងមហាផ្ទៃ បានចាត់ទុកជាធាតុចូលដ៏មានតម្លៃ ក្នុងការស្វែងរកដំណោះស្រាយ និងកែសម្រួលនីតិវិធីរដ្ឋបាលឱ្យកាន់តែមានភាពងាយស្រួល ពិសេសការជំរុញយន្តការឌីជីថល ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងឆ្លើយតបទៅនឹងសំណូមពររបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕










