ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា រុស្ស៊ីគ្រោងនាំទាហានកូរ៉េខាងជើងប្រមាណ ៣០,០០០នាក់បន្ថែម មកចូលរួមក្នុងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលបានអូសបន្លាយជាង ៤ឆ្នាំ។ ការលើកឡើងនេះ ត្រូវបានសារព័ត៌មាន Reuters ចេញផ្សាយ។
នៅក្នុងសុន្ទរកថាមួយ លោក ហ្សេលេនស្គី បានមានប្រសាសន៍ថា អ៊ុយក្រែនកំពុងសង្កេតឃើញការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង។ លោកអះអាងថា រុស្ស៊ីកំពុងរៀបចំនាំទាហានកូរ៉េខាងជើងបន្ថែមប្រមាណ ៣០,០០០នាក់ មកចូលរួមក្នុងសង្គ្រាម ហើយការត្រៀមនេះត្រូវបានចាប់ផ្តើមនៅតំបន់ វ៉ូរ៉ូណេស របស់រុស្ស៊ី។
លោក ហ្សេលេនស្គី ក៏បានអះអាងផងដែរថា កូរ៉េខាងជើងកំពុងត្រៀមផ្គត់ផ្គង់ប្រព័ន្ធបាញ់មីស៊ីលផ្លោងប្រភេទថ្មីដល់រុស្ស៊ី។ លោកបានព្រមានថា កិច្ចសហប្រតិបត្តិការយោធានេះ មិនត្រឹមតែបង្កការគំរាមកំហែងដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កហានិភ័យដល់សន្តិសុខអន្តរជាតិផងដែរ។ លោកបានបន្ថែមថា រុស្ស៊ីកំពុងជួយកូរ៉េខាងជើងឱ្យទទួលបានបទពិសោធន៍ប្រយុទ្ធពិតប្រាកដ និងអភិវឌ្ឍសមត្ថភាពប្រើប្រាស់អាវុធរបស់ខ្លួន។
លោក ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែននឹងបន្តចាត់វិធានការឆ្លើយតបចំពោះអ្វីដែលលោកចាត់ទុកថាជាការគំរាមកំហែងកាន់តែកើនឡើងនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលបានចុះហត្ថលេខារវាងលោក គីម ជុងអ៊ុន និងលោក វ៉្លាឌីមៀ ពូទីន កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤,០០០នាក់ ទៅកាន់តំបន់ ឃឺស (Kursk) របស់រុស្ស៊ី ដើម្បីជួយកងកម្លាំងរុស្ស៊ីទប់ទល់នឹងការវាយលុករបស់អ៊ុយក្រែន។ ចំពោះការអះអាងអំពីការបញ្ជូនទាហានបន្ថែម ៣០,០០០នាក់នេះ ភាគីរុស្ស៊ី និងកូរ៉េខាងជើងមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ៕





