រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយសន្តិសុខផ្លូវការ (Official Security Assistance៖ OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្គត់ផ្គង់ឧបករណ៍បញ្ជូនសារសម្រាប់កងទ័ពជើងគោក និងនាវាល្បាតសម្រាប់កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។
ការចុះហត្ថលេខា និងផ្លាស់ប្តូរលិខិតប្ដូរសារ ស្តីពីជំនួយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា រវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
យោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា ជំនួយ OSA នេះមានគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់កម្ពុជា តាមរយៈការផ្គត់ផ្គង់ឧបករណ៍ចាំបាច់សម្រាប់ការទំនាក់ទំនង និងការល្បាតតាមដែនសមុទ្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់កងយោធពលខេមរភូមិន្ទ។
ស្ថានទូតជប៉ុនបានបញ្ជាក់ថា ជប៉ុនរំពឹងថា គម្រោងនេះនឹងរួមចំណែកលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា ព្រមទាំងជួយគាំទ្រដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា កម្មវិធីជំនួយសន្តិសុខផ្លូវការ (OSA) គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រប្រទេសជាដៃគូក្នុងការពង្រឹងសមត្ថភាពសន្តិសុខ និងការពារជាតិ ស្របតាមគោលការណ៍សន្តិភាព និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ។




