ក្នុងរយៈពេល ៥ថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៦នាក់ ពាក់ព័ន្ធករណីធាក់យកម៉ូតូ និងករណីគ្រឿងញៀន ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងប្រជាពលរដ្ឋ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់។
ជាលទ្ធផល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីធាក់យកម៉ូតូ នៅចំណុចមណ្ឌល៧ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី។ បន្តមកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីកាប់យកម៉ូតូចំនួន ៣ករណី ដែលកើតឡើងនៅភូមិផ្សារកណ្ដាល ចំណុចស្រះត្រជាក់ចិត្ត និងចំណុចខារ៉ាអូខេហ្វ្រេសស្កាយ ក្នុងសង្កាត់ផ្សារកណ្ដាល។
បន្ថែមពីនេះ នៅថ្ងៃទី១៤ និងទី១៥ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូ និងដេញកាប់ នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ត ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត។ ដោយឡែក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលក៏បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៦នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






