កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ នៅក្រុងប៉ោយប៉ែត ពាក់ព័ន្ធនឹងករណី លួចម៉ូតូ ទទួលផលចោរកម្ម កាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ១៥ កក្កដា ២០២៦ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវករណីលួចម៉ូតូ២ករណី និងប្រើប្រព័ន្ធ GPS ដើម្បីកំណត់ទីតាំងម៉ូតូដែលត្រូវបានលួច។ ពេលចុះប្រតិបត្តិការ ជនសង្ស័យបានព្យាយាមរត់គេច ប៉ុន្តែត្រូវបានឃាត់ខ្លួនទាំងអស់។
សមត្ថកិច្ចបានដកហូត ម៉ូតូចំនួន៦គ្រឿង ក្នុងនោះ ២គ្រឿង ប្រគល់ជូនម្ចាស់វិញ និង ៤គ្រឿង រក្សាទុកសម្រាប់ស្រាវជ្រាវរកម្ចាស់ ព្រមទាំងដកហូតវត្ថុតាងពាក់ព័ន្ធផ្សេងទៀត។ លទ្ធផលធ្វើតេស្តទឹកនោមបង្ហាញថា ជនសង្ស័យទាំង១៣នាក់មានសារធាតុញៀនជាវិជ្ជមាន (+)។
នៅថ្ងៃទី ១៧ កក្កដា ២០២៦ ជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធីច្បាប់។






