ឯកឧត្តម តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងថា ការកែប្រែទិន្នន័យអត្រានុកូលដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវប្រើពេលវេលាយូរនោះ ព្រោះធ្វើឡើងដោយប្រុងប្រយ័ត្នខ្ពស់បំផុត ។

ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្តជូនពលរដ្ឋចំណាក ស្រុក នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានពន្យល់ទាក់ទងទៅនឹងការខុសទិន្នន័យទៅលើអត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតថា កិច្ចការនេះ ក្រុមការងារចែកចេញជាពីរ គឺទី១-ក្នុងករណីជាកំហុសបច្ចេកទេស កំហុសតិចតួច ប្រជាពលរដ្ឋអាចទៅដាក់ស្នើសុំការកែតម្រូវលើសំបុត្រកំណើត អត្រានុកូលដ្ឋាន នៅរដ្ឋបាលស្រុក ខណ្ឌ ឬក៏នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្រានុកូលដ្ឋាន ។ ទី២-បើកំហុសធំកែប្រែទិន្នន័យទាំងស្រុង គឺការកែតម្រូវទិន្នន័យមិនមែនជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទេ គឺត្រូវឡើងទៅដល់តុលាការ ។
“ខ្ញុំចង់ប្រាប់បងប្អូនប្រជាពលរដ្ឋថា ការកែតម្រូវទិន្នន័យនេះ គឺយើងធ្វើឡើងដោយប្រយ័ត្នប្រយែង ក្នុងករណីកំហុសបច្ចេកទេស គឺការកែតម្រូវទិន្នន័យនេះ មិនមានលក្ខណៈស្មុគស្មាញទេ ប៉ុន្តែបើសិនជាកំហុសនេះលើសពីបញ្ហាបច្ចេកទេស ។ ឧទាហរណ៍ កែពីឈ្មោះមួយទៅឈ្មោះមួយដាច់ និងខុសថ្ងៃខែឆ្នាំកំណើតនេះជាបញ្ហាពាក់ព័ន្ធប្រែប្រួលនៃអត្តសញ្ញាណរបស់គាត់។ ចឹងហើយការកែប្រែទិន្នន័យ ត្រូវធ្វើឡើងការស្រាវជ្រាវលើឯកសារទាំងអស់ ហើយករណីមួយចំនួនត្រូវតែឡើងទៅដល់តុលាការ”។
បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មធ្លាប់បានលើកឡើងថា ការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន ដូចជា សំបុត្រកំណើត អាពាហ៍ពិពាហ៍ ឬមរណភាព ពិតជាតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវធ្វើឡើងស្របតាមច្បាប់ជាធរមាន ដើម្បីការពារសិទ្ធិស្របច្បាប់ និងជៀសវាងការក្លែងបន្លំអត្តសញ្ញាណ។ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសម្រេចកែតម្រូវទិន្នន័យបានចំនួន ១៤៨.៨២៩នាក់ រួចមកហើយ ៕


