គ្រឿងញៀនចំនួន៣៧កញ្ជប់ធំ ត្រូវបានធ្វើការត្រួតពិនិត្យ ពីឯកឧត្តម សរ.សុពុត្រា អភិបាលខេត្ត លោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងលោកឧត្តមសេនីយ៍ត្រី សេង.សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនិតិវិធីឈានទៅស្រាវជ្រាវ រកមេខ្លោងដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ក្នុងឱកាសពិនិត្យថ្នាំញៀននៅទីបញ្ជាការកងរាជអាវុធខេត្តនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តម សរ.សុពុត្រា អភិបាលខេត្ត បានដាក់បទបញ្ជាឱ្យកម្លាំងពាក់ព័ន្ធទាំងអស់សហការគ្នាស្រាវជ្រាវក្នុងហេតុការណ៍នេះដើម្បីស្វែងរកមេខ្លោង ដែលនាំគ្រឿងញៀនចូលមកប្រទេសកម្ពុជាយើងដោយខុសច្បាប់នេះ។ ឯកឧត្តមមានប្រសាសន៍ថា៖យើងរឹបអូសបានវត្ថុតាងហើយ វាជាមូលដ្ឋានសម្រាប់យើងឈានទៅធ្វើការស្រាវជ្រាវបន្ត ហើយកម្លាំងសហការត្រូវអនុវត្តនីតិវិធីឱ្យបានសកម្មបន្ថែមទៀត។
លោកឧត្តមសេនីយ៍ត្រីសេង.សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានទទួលយកបទបញ្ជានេះហើយនឹងរៀបចំបញ្ជូនមន្ត្រីជំនាញសហការជាមួយកម្លាំងផ្សេងៗទៀត ទៅធ្វើការស្រាវជ្រាវដល់ទីតាំងតែម្តង ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរគ្រឿងញៀនខុសច្បាប់នេះ។ លោកមេបញ្ជាការបង្ហាញថា៖ ករណីថ្នាំញៀន៣៧កញ្ចប់នេះគឺបានមកពីមន្ត្រីបរិស្ថានអភិរក្សតំបន់រ៉ាមសារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧៤៧ មានកម្លាំងសរុប៦នាក់ នៅស្រុកបុរីអូរស្វាយសែនជ័យ ចុះធ្វើល្បាតតាមដងទន្លេមេគង្គលើ ពេលយប់វេលាម៉ោង៩និង២០នាទី បានប្រទះឃើញទូកមួយគ្រឿងបើកក្នុងល្បឿនលឿនក៏បានសហការគ្នាប្រដេញ តែទូកនោះមិនឈប់សោះឡើយ។ លោក បន្តថា៖ សកម្មភាពប្រដេញនេះកម្លាំងសហការទៅតាមទូកដែលបើកលឿននោះក្នុងករណីក្រែងជនសង្ស័យមកលួចឆក់ត្រី តែករណីនេះជនសង្ស័យបើកទូករត់ទៅបុកទូកអ្នកនេសាទបណ្តាលឱ្យលិច នៅចំណុចកន្ទុយកៅហានក្នុងទឹកដីឃុំកោះស្នែង។ លោកបន្តថា៖ក្នុងហេតុការណ៍នេះអ្នកនេសាទបានប្រទះឃើញការ៉ុងពណ៌ខៀវចំនួន២អណ្តែតទឹកក៏ចាប់រើសប្រគល់មកឱ្យសមត្ថកិច្ចទាំងយប់ ទើបពិនិត្យដឹងថាជាថ្នាំញៀននៅក្នុងថង់នោះ ។ បានដឹងហេតុការណ៍នេះកងរាជអាវុធហត្ថក៏បានដាក់កម្លាំងទៅស្វែងរកជនសង្ស័យទាំងយប់នៅចំណុចកើតហេតុខាងលើ តែរកមិនឃើញឡើយ ទើបយកតែវត្តុតាងថ្នាំញៀនយកមកទីបញ្ជាការធ្វើការត្រូតពិនិត្យនិងធ្វើតេស្តទៅតាមបច្ចេកទេស វាជាប្រភេទថ្នាំមេតំហ្វេតាមីន ទាំង៣៧កញ្ចប់ធំ អាចមានទម្ងន់៣៧គីឡូក្រាម ឬលើសពីនេះតិចតួច តាមការថ្លឹងជាក់ស្តែង ហើយនឹងវេចខ្ចប់បញ្ជូនទៅតុលាការ៕












