នៅចំពោះមុខ ឯកឧត្តម ស៊ី ជីនពីង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានចាត់ទុកចិន គឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់កម្ពុជា ។
ឯកឧត្តមជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ មានប្រសាសន៍ថា ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជនចិន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ី ជីន ពីង បានហៅសម្តេចតេជោថា ជាមិត្តចាស់ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការភ្ជាប់ក៏ដូចជាកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំដល់ពេលបច្ចុប្បន្ន។
ឯកឧត្តមប្រធានាធិបតីចិន បន្តថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងដែលមានភាពរឹងមាំដូចផ្ទាំងសិលាដូច្នោះដែរ ។
ជាកិច្ចឆ្លើយតប សម្តេចតេជោបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីចិន ព្រោះថា កម្ពុជា-ចិនគឺជាមិត្តដែកថែប ទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនមានការប្រែប្រួលឡើយ ។
“សម្តេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តម ស៊ី ជីនពីង ថា មិត្តភាពកម្ពុជា-ចិនដែលកម្ពុជាចាត់ទុកចិនជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់កម្ពុជា” ។
សូមបញ្ជាក់ថា មិត្តភាពដែកថែបកម្ពុជា-ចិន គឺជាពាក្យគន្លឹះយុទ្ធសាស្ត្រការទូតដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងលំដាប់ខ្ពស់បំផុត និងមិនអាចបំបែកបានរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងនេះត្រូវបានពង្រឹងជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ រហូតឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»៕








