សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដើម្បីបន្តខិតខំសម្រេចបាន នូវគោលដៅនៃនយោបាយនិងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ការកៀរគរ ប្រមូលចំណូលពន្ធ ទាំងផ្នែកពន្ធផ្ទៃក្នុង និងពន្ធគយ គឺជាការចាំបាច់ ក្នុងការចូលរួមចំណែកគាំទ្រដល់ កិច្ចដំណើរការ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អគារពន្ធដារ មិនមែនតែជាអគារទេ ប៉ុន្តែ ជាកន្លែងអាចប្រជុំ អាចធ្វើការ អាចរៀបចំពិធីផ្សេងៗ ដែលអាចប្រមូលចំណូលបន្ថែម នៅក្នុងការ ធានានិរន្តរភាព ។ ពេលជាមួយគ្នា គឺផ្តល់នូវទីតាំង ដ៏ទំនើបមួយ ដល់ប្រជាពលរដ្ឋទាំងសាធារណៈ ទាំងក្រសួងស្ថាប័ន ទាំងវិស័យឯកជន អាចប្រើប្រាស់បាន និងអាចចាត់ទុកជាអគារគំរូមួយ ដែលជា អគារមានការរៀបចំល្អ ។
ក្នុងនោះសម្តេចធិបតី សង្កត់ធ្ងន់ថា សមិទ្ធផលនេះ អាចសម្រេចទៅបាន គឺអាស្រ័យដោយព្រះរាជា ណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការពង្រឹងអភិបាលកិច្ច ប្រកបដោយ ប្រសិទ្ធភាព តាមរយៈគោលនយោបាយឈ្នះ ឈ្នះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតបញ្ញាញាណឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលក្នុង នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បន្តថែរក្សាសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីនាំមកនូវវិបុលភាពរួម ដល់ជាតិមាតុភូមិទាំងមូល ។
“នៅក្នុងន័យនេះ ដើម្បីបន្តខិតខំសម្រេចបាន នូវគោលដៅ នៃនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ការកៀរគរប្រមូលចំណូលពន្ធ ទាំងផ្នែកពន្ធផ្ទៃក្នុង ពន្ធគយគឺជាការចាំបាច់ ក្នុងការចូលរួមចំណែកគាំទ្រ ដល់កិច្ចដំណើរការ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ”។
បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា នៅក្នុងទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងកំណើន សេដ្ឋកិច្ចខ្ពស់ ចំណូលពន្ធដារនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលការណ៍នេះ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល មានលទ្ធភាព កសាងហេដ្ឋារចនាសម្ពន្ធសំខាន់ៗ ដូចជាផ្លូវថ្នល់ ស្ពាន អគារសាលារៀន មន្ទីរពេទ្យជាដើម នៅទូទាំងប្រទេស៕












