សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ទោះបីជាដំណោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធីសល់តែ១ភាគរយក្តី ក៏សម្តេចនៅតែបន្តដោះស្រាយតាមយន្តការសន្តិវិធីតាមផ្លូវច្បាប់អន្តរជាតិដដែល។
ការមានប្រសាន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយមានពីបុគ្គលជ្រុលនិយមមួយក្តាប់តូចដែលបានតាំងខ្លួនជាអ្នកវិភាគនៅតាមបណ្តាញសង្គមបាននាំគ្នាវិភាគរឿងជម្លោះព្រំដែនកម្ពុជា-ថៃ មានលក្ខណៈញុះញង់ពលរដ្ឋខ្មែរ ក្រោយសម្តេចធិបតី នាពេលកន្លងមក ធ្លាប់បានប្រកាសថា ទោះកម្ពុជាមានក្តីសង្ឃឹមសល់តែមួយភាគរយ លើការចរចាដោយសន្តិវិធីលើបញ្ហាព្រំដែនជាមួយភាគីថៃ កម្ពុជានៅតែបន្តឱ្យអស់លទ្ធភាព ។
ចំពោះការលើកឡើងរបស់អ្នកវិភាគមានការបញ្ឆេះកំហឹងនេះ ដែលសម្តេចធិបតីហៅថា ជាអ្នកវិភាគបែកពពុះមាត់នោះ ពីក្នុងវេទិកាអបអរសាទរខួបលើកទី១៩ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ជាថ្មីត្រឡប់ទៅវិញថា ទោះបីជាមានឱកាសត្រឹមតែ១ភាគរយ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្ដិវិធីក៏ដោយ ក៏ត្រូវតែយកយន្តការសន្តិវិធីធ្វើការដោះស្រាយដែរ ជាជាងធ្វើសង្គ្រាមច្បាំងដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខ្ទេចខ្ទីអស់ហេរដ្ឋារចនាសម្ព័ន្ធ។
“ខ្ញុំសូមឱ្យយល់ សូមបញ្ជាក់ឡើងវិញថា បើសិនជាការដោះស្រាយដោយសន្តិវិធីនៅមានឱកាសសូម្បីតែ១ភាគរយ ដែលយើងអាចនៅបើកទ្វារចូលចរចាបញ្ចប់រឿងការពារបូរណភាពទឹកដីតាមសន្តិវិធីយើងត្រូវតែប្រើវាឱ្យអស់លទ្ធភាព ។ ១ភាគរយនៃលទ្ធភាពដើម្បីបើកការចរចា មិនទាន់បិទតាមសន្តិវិធី មិនមែន១ភាគរយនៃការយកឈ្នះគេដោយចរចានោះទេ”។
សម្តេចធិបតីមានប្រសាសន៍ទៀតថា អ្នកវិភាគដែលតាំងខ្លួនជាបណ្ឌិតរឿងវិភាគព្រំដែននេះ មានចំណេះដឹងចាញ់ប្រជាពលរដ្ឋធម្មតាវិញដែលពួកគាត់មានការយល់ច្បាស់រឿងព្រំដែននេះជាងពួកអស់លោកបណ្ឌិតទាំងឡាយទៀត ៕












