ឯកឧត្តម គង់ ភោគ បានថ្លែងថា កម្ពុជាមានតែពឹងផ្អែកលើច្បាប់អន្តរជាតិប៉ុណ្ណោះ ក្រោយពីភាគីថៃបានដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ ។
ក្នុងកិច្ចសម្ភាសន៍ពិសេស ស្ដីពី «គោលជំហររបស់កម្ពុជា ក្នុងករណីភាគីថៃសម្រេចលុបជាឯកតោភាគី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MoU 2001) ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគា្នកម្ពុជា-ថៃ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ឯកឧត្តម គង់ ភោគ បានលើកឡើងថា កម្ពុជាតែងតែផ្តល់អាទិភាពទៅលើយន្តការទ្វេភាគីដែលស្របតាមអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ខណៈជាង២៥ឆ្នាំកន្លងមក MoUនេះ បានដើរតួនាទីសំខាន់សម្រាប់ភាគីដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការដកខ្លួនដោយឯកតោភាគីរបស់ភាគីថៃ ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង២ទសវត្សរ៍កន្លងមក ។
“ក្នុងករណីភាគីថៃដកខ្លួនចេញពី MoU 2001នេះ ក្នុងនាមជារដ្ឋគោរពនិ ងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានអ្វីជម្រើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រជាពិសេសយន្តការនូវការផ្សះផ្សាដោយ ការចាប់បង្ខំ” ។
ឯកឧត្តមរដ្ឋលេខាធិការពន្យល់ពីយន្តការនៃការផ្សះផ្សាដោយការចាប់បង្ខំថា យន្តការនេះ ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ ដើម្បីជួយទៅដល់រដ្ឋភាគី ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានសម្រេចដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU 2001) ពាក់ព័ន្ធតំបន់ត្រួតស៊ីគ្នា ក្នុងខ្ពង់រាបដែនសមុទ្រដែលតភ្ជាប់រវាងកម្ពុជា-ថៃ៕





