សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួប អនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធ រៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកទល់បច្ចុប្បន្ន ដើម្បី រំលឹកនូវ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ កាលពី ១៤០ឆ្នាំមុន។ ក្រៅអំពីការរៀបចំពិធីជួប សំណេះសំណាល រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែបានយកចិត្តទុកដាក់ខ្ពស់ និង បានគិតគូរក្នុងការលើក កម្ពស់ ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និង សុខដុមនីយកម្មនៃ ទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងការអនុវត្តយ៉ាងពេញលេញនូវច្បាប់ស្តីពី ការងារ ច្បាប់ស្តីពី សហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយ ផែនការយុទ្ធ សាស្ត្រ និងអនុសញ្ញាអន្តរជាតិផ្នែកការងារ ក្នុងគោលបំណង ធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ សុវត្ថិភាពនិងសុខភាពការងារ ដែលការពារផលប្រយោជន៍ រួមជូនបងប្អូនកម្មករ និយោជិត និងនិយោជក រួមជាមួយនឹងការគិតគូរអំពីការចរចា និងដំឡើង ប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗជាប្រចាំ។
ជាមួយគ្នានេះ ក្នុងបរិបទនាពេលបច្ចុប្បន្នដែលកម្ពុជាក៏ដូចជាប្រទេសជាច្រើន បាននិង កំពុង ជួបប្រទះនូវការលំបាកដែលបង្កឡើងដោយវិបត្តិសកលយ៉ាងណាក្តី តាមរយៈការដាក់ចេញ នូវគោល នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន កម្ពុជាបាននិងកំពុងជម្នះនូវ ការលំបាក និងឧបសគ្គធំៗជាច្រើន ក្នុងគោលដៅជំរុញសេដ្ឋកិច្ចជាតិឱ្យទទួលបានវឌ្ឍនភាពឡើងវិញ និងសម្រួល ដល់ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជំរុញសកម្មភាពរបស់វិស័យ ឯកជន លើផលិត កម្ម អាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្មគ្រប់ប្រភេទ ដើម្បីបង្កើតមុខរបរ និង ការងារជូនបងប្អូន ប្រជាពលរដ្ឋ កម្មករ និយោជិត ដែលនឹងបង្កើននូវប្រាក់ចំណូល និងលើក កម្ពស់កម្រិតជីវភាព។ ទាំងអស់នេះសបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះបុគ្គលិក កម្មករ និយោជិត និងសហជីពទាំងអស់ដែលមានវត្តមាន និងកំពុងបំពេញ សកម្មភាពការងារនៅ ក្នុងប្រទេស កម្ពុជា។
បើគិតនៅក្នុងក្របខណ្ឌនៃការអភិវឌ្ឍកំពង់ផែវិញ នៅក្នុងរយៈពេល ៣០ឆ្នាំមកនេះ ប្រទេស ជប៉ុនបានជួយដល់ការអភិវឌ្ឍសាងសង់ និងលើកកម្ពស់សមត្ថភាពប្រតិបត្តិការរបស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលបានធ្វើឱ្យកំពង់ផែរីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។
ក្រោមការឯកភាពជាតិ និងសាមគ្គីជាតិក្នុងរយៈពេលជាង ៣ទសវត្ស ក្រោមការដឹកនាំប្រកប ដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យកំពង់ផែមានការអភិវឌ្ឍ ពង្រឹងនិងពង្រីកសមត្ថភាពជាបន្តបន្ទាប់ ទោះបីជា ស្ថានភាពសេដ្ឋកិច្ច ពិភព លោកមានភាពមិនច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី។
សូមបញ្ជាក់ថា តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមទាំងកិច្ចខិតខំប្រឹងប្រែង របស់ ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និយោជិតកំពង់ផែ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់សរុបមានចំនួនជាង ១,៣៤ លានTEUs កើនឡើង ៣០,៥៧% និងចំណូលអាជីវកម្មសរុបប្រមាណជាង ១៥៥,៣៦លានដុល្លារអាម៉េរិក កើនឡើង ៣៥,៣០% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ ចំនួននាវា ឆ្លងកាត់កំពង់ផែ មានចំនួន ១៧៧៥គ្រឿង កើនឡើង ១៣,៣៥% ប៉ុន្តែចំណុះផ្ទុកនាវាមាន រហូតដល់ ២៦,១២លានតោន កើនឡើង ២៩,២៧% និងបរិមាណទំនិញឆ្លងកាត់មានចំនួន ១២,៣២លានតោន កើនឡើង ២៥,៧៨%។ ដោយឡែក បើគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែ មានការកើនឡើង យ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ជាមួយគ្នានេះ កំពង់ផែក៏បានគិតគូរអំពីវិធានការ ដោះស្រាយបន្ទាន់ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើន កុងតឺន័រ សម្រាប់ឆ្នាំ២០២៦ ក្នុង ពេលដែលសមត្ថភាពផែនៅមានកម្រិតផងដែរ៕









































