បើទោះបីជាត្រូវប្រឈមនឹងការបាត់បង់ចំណូលថវិកាជាតិយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តនូវវិធានការកែទម្រង់ស៊ីជម្រៅ ដោយលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុង ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ តទៅ ក្នុងគោលបំណងកាត់បន្ថយបន្ទុកថ្លៃដឹកជញ្ជូន និងពង្រឹងភាពប្រកួតប្រជែងនៃវិស័យពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «វិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច» នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃវិធានការកែទម្រង់មុតស្រួច ម៉ឺងម៉ាត់ និងប្រាកដនិយម របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
តាមរយៈរបាយការណ៍របស់ឯកឧត្តមបណ្ឌិតបានឱ្យដឹងថា កន្លងមក ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋក្នុងស្ថានភាព នៃការកើនឡើងតម្លៃប្រេងឥន្ធនៈសកល រដ្ឋបានអនុវត្តវិធានការជាបន្តបន្ទាប់ រួមមាន ការបញ្ចុះពន្ធ និងអាករលើរថយន្តអគ្គិសនី និងទំនិញចាំបាច់នានា ការដាក់ពន្ធ និងអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេង និងឧស្ម័នឥន្ធនៈ។
វិធានការទាំងនេះបានធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលប្រមាណជិត ៥០លានដុល្លារក្នុងមួយខែ ប៉ុន្តែវាជាការចាំបាច់ដើម្បីបង្កបរិយាកាសស្មើភាពក្នុងការវិនិយោគ និងដោះស្រាយបញ្ហាអសកម្មនានា។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានពន្យល់ថា ការដាក់ចេញនូវវិធានការមុតស្រួចទាំងនេះ គឺចាំបាច់បំផុតក្នុងពេលដែលកម្ពុជាបាន និងកំពុងទទួលរងនូវឥទ្ធិពលដ៏ធ្ងន់ធ្ងរពីវិបត្តិស្រួចស្រាល់ គំរាមកំហែងដល់ជាតិ និងសេដ្ឋកិច្ច នោះគឺព្យុះសង្ឃរា ៣ផ្ទួនគ្នា១. គឺសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដោយប្រទេសថៃ ២.យុទ្ធនាការយ៉ាងក្តៅរបស់គគុកក្នុងការបង្រ្កាប ស្កេមអនឡាញ (Scam Online) និងទី៣. សង្រ្គាមនៅប្រទេសអ៊ីរ៉ង់ និងវិបត្តិប្រេងឥន្ធនៈដែលកើតឡើងជាបច្ច័យអវិជ្ជមានធ្ងន់ធ្ងរ។
យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើនិងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈស្មុគស្មាញនិងក្ដៅគគុកវិធានការមុតស្រួច ទាំងនេះដែលបានរៀបចំឡើងដែលទទួលបានការអនុញ្ញាតនិងឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីដែលយើងមានគោលបំណងសំខាន់ពីរ ទីមួយបង្កើនចំណូលពន្ធអាករដែលប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាហើយចំនួននេះគឺចាំបាច់បំផុតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដែលតម្រូវឱ្យមានការប្រើប្រាស់ថវិកាទាំងនោះ គ្រប់វិស័យនៃសេដ្ឋកិច្ចជាតិពិសេសផ្នែកខាង សង្គមកិច្ច ហើយសំខាន់បំផុតនោះគឺផ្នែកខាងវិស័យការពារជាតិ ហើយគោលបំណងទីពីរនៃការដាក់វិធានការមុតស្រួចនេះគឺកែលម្អនិងបង្កជាបរិយាកាសស្មើភាព នៅក្នុងការវិនិយោគនិងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។»
សូមបញ្ជាក់ថា ក្រៅពីការប្រកាសលុបកម្រៃស្កែនកុងតឺន័រ សិក្ខាសាលានេះក៏បានផ្តោតលើការពិនិត្យសេចក្តីព្រាងកញ្ចប់វិធានការទប់ស្កាត់អំពើរត់គេចពន្ធ និងបន្លំពន្ធ ព្រមទាំងដោះស្រាយសំណូមពររបស់វិស័យឯកជន ពាក់ព័ន្ធនឹងនីតិវិធីគយ ដើម្បីជំរុញឱ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែមានភាពរលូន និងមានតម្លាភាពខ្ពស់៕




