ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានទទូចនិងអំពាវនាវដល់អាណាព្យាបាលដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង នៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្តោត នៅភូមិពោធិ៍អណ្តោត ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត ព្រៃវែងបានគូសបញ្ជាក់ថា ការបញ្ជូនកូន ប្អូន ឬក្មួយ ដែលគ្រប់អាយុចូលរៀន គឺជាកាតព្វកិច្ចដ៏សំខាន់សម្រាប់អាណាព្យាបាលគ្រប់រូប ព្រោះកុមារប្រៀបដូចជាក្រដាសសមួយផ្ទាំង ដែលងាយនឹងទទួលយកនូវការអប់រំ និងការបណ្ដុះបណ្ដាល។
ឯកឧត្តមបន្តថា បើសិនជាអាចផ្ដល់នូវចំណេះដឹង និងគុណធម៌ដល់ពួកគាត់ បានទាន់ពេលវេលានោះ ពួកគាត់នឹងក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំ ដែលមានទាំងសមត្ថភាព និងសីលធម៌ ដើម្បីបន្តវេនក្នុងការដឹកនាំ និងការពារមាតុភូមិទៅថ្ងៃអនាគត ។
ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញការកត់សម្គាល់ថា កុមារ ដែលបានចូលរៀនចាប់ពីថ្នាក់មត្តេយ្យសិក្សាឡើងទៅ គឺភាគច្រើនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយសារពួកគាត់ មានមូលដ្ឋានគ្រឹះនៃការយល់ដឹងតាំងពីតូច ដែលធ្វើឱ្យការបន្តការសិក្សានៅថ្នាក់ខ្ពស់ៗមិនមានភាពរអាក់រអួល ហើយថែមទាំងជួយឱ្យកុមារមានភាពក្លាហាន និងមានវិន័យរឹងមាំក្នុងការសិក្សា ជាងកុមារដែលមិនបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យ នេះ ពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងការបញ្ជូនបុត្រធីតា ឱ្យមកទទួលយកការបណ្ដុះបណ្ដាលក្នុងបរិស្ថានសិក្សាដែលសមរម្យ មានសុវត្ថិភាព និងមានស្តង់ដាត្រឹមត្រូវ៕










