ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា កម្ពុជា ជាប្រទេសឈានមុខគេក្នុងតំបន់ដែលបានបង្កើតច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានកំណត់ទោសយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះឧក្រិដ្ឋជនឱ្យជាប់ពន្ធនាគារពី ៣០ឆ្នាំរហូតអស់មួយជីវិត ។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តយល់ព្រមកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គនៃរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត នៅពេលខាងមុខ ពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យា។
ឯកឧត្តមបន្តថា ក្នុងច្បាប់នេះនឹងបង្កើតឱ្យមានបទល្មើសបន្ថែមចំនួន៥ ។ ក្នុងនោះបទល្មើសរៀបចំនិងដឹកនាំមជ្ឈមណ្ឌលឆបោក នឹងមានកំណត់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរបំផុតចាប់ពី៥ទៅ១០ ប៉ុន្តែទោសនេះនឹងអាចកើនរហូតដល់៣០ឆ្នាំឬរហូតអស់មួយជីវិត បើក្នុងករណីមជ្ឈមណ្ឌលនេះមានបទល្មើសផ្សេងទៀតកើតឡើងដូចជា ការសម្លាប់មនុស្ស និងចាប់ជម្រិតជាដើម។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ចំពោះអ្នកដែលត្រូវបានជ្រើសរើសឱ្យទៅបើកវគ្គបណ្តុះបណ្តាលពីករណីឆបោកក៏ទទួលទោសកម្រិតធ្ងន់ផងដែរ ។
ឯកឧត្តម កើត រិទ្ធ “ជាច្បាប់ព្រហ្មទណ្ឌពិសេសបែបនេះ គឺមានតែកម្ពុជាទេ មាននៅក្នុងតំបន់របស់យើងនេះ ជាប្រទេសឈានមុខគេ ទី១ដែលបានរៀបចំច្បាប់ក្នុងទ្រង់ទ្រាយបែបនេះ ។ ក្នុងច្បាប់យើងចែងហើយជាអនុសញ្ញាអន្តរជាតិក៏បានចែងដែរ គោលការណ៍មិនប្រតិសកម្មនៃច្បាប់” ។
ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថា បន្ទាប់ពីច្បាប់ដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ នឹងមិនមានការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាទ្រង់ទ្រាយកើតឡើងទៀតនោះទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ព្រមទាំងតំណាងគណៈកម្មការនានា នៃរដ្ឋសភា ជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ជាលទ្ធផល អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ៕









