ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ដែលកំពុងរីករាលដាលលើបណ្តាញសង្គម ដូចជា Facebook និង TikTok។
តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងបរិបទដែលបណ្តាញសង្គមក្លាយជាមធ្យោបាយសំខាន់សម្រាប់ទទួលព័ត៌មាន មានក្រុម និងប្រភពព័ត៌មានមួយចំនួន ដែលមានមូលដ្ឋាននៅក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ និងបំផ្លើស ដោយមានគោលបំណងបង្កការភាន់ច្រឡំក្នុងសង្គម។ ព័ត៌មានទាំងនេះ ជាពិសេសពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមតំបន់ព្រំដែន បានបង្កឱ្យមានភាពចលាចល និងប៉ះពាល់ដល់ស្ថិរភាពសាធារណៈ។
ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំជឿ កុំចែករំលែក និងកុំសន្និដ្ឋានលើព័ត៌មានណាមួយ ដែលមិនមានប្រភពច្បាស់លាស់ ឬមិនទាន់មានការបញ្ជាក់ពីស្ថាប័នផ្លូវការ។
ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យតាមដានព័ត៌មានពីប្រភពផ្លូវការ រួមមានសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ និងគោរពតាមស្តង់ដារសារព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយអនុវត្តគោលការណ៍ «គិតមុនចែករំលែក» (Think Before You Share) ដើម្បីរួមគ្នារក្សាបរិយាកាសព័ត៌មានឱ្យមានភាពត្រឹមត្រូវ តម្លាភាព និងទំនួលខុសត្រូវ។
ឯកឧត្តមបានបញ្ជាក់ថា ការប្រុងប្រយ័ត្នរបស់ប្រជាពលរដ្ឋ គឺជាចំណែកសំខាន់ក្នុងការការពារសន្តិសុខព័ត៌មាន ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។


