ពីទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ី និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល ស្តីពីកិច្ចសហប្រតិបត្តិការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយកន្លែងឈ្មោះ “នីញធួន ១” (Ninh Thuan 1) នៅក្នុងប្រទេសវៀតណាម ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មៃខល មីស៊ូស្ទីន (Mikhail Mishustin) និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ (Pham Minh Chinh)។ ក្នុងនោះ លោក អាឡិចស៊ី លីខាចែវ (Alexei Likhachev) អគ្គនាយកក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី រូសាតូម (Rosatom) និងលោក ត្រាន់ វ៉ាន់សឺន (Tran Van Son) រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការរដ្ឋាភិបាលវៀតណាម ជាអ្នកចុះហត្ថលេខាដោយផ្ទាល់ ។
បច្ចុប្បន្ននេះ វៀតណាមត្រូវការថាមពលអគ្គិសនីបន្ថែមជាចាំបាច់ ដោយសារតែកន្លងមក ប្រទេសនេះជួបប្រទះនូវការដាច់ចរន្តអគ្គិសនីញឹកញាប់ ព្រោះតែមានតម្រូវការខ្លាំងពីវិស័យឧស្សាហកម្ម និងការកើនឡើងនៃចំនួនអ្នកមានជីវភាពមធ្យម ដែលប្រើប្រាស់ភ្លើងលើសពីលទ្ធភាពផ្គត់ផ្គង់ បូករួមទាំងបញ្ហាអាកាសធាតុអាក្រក់ដូចជា គ្រោះរាំងស្ងួត និងព្យុះជាដើម ។
តាមកិច្ចព្រមព្រៀងនេះ រុស្ស៊ីនឹងសាងសង់ម៉ាស៊ីនផលិតថាមពលចំនួន ២ ដែលមានកម្លាំងសរុប ២,៤០០ មេហ្គាវ៉ាត់ (MW) ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់រុស្ស៊ី (Generation 3+ VVER-1200)។ គម្រោងនេះក៏រួមបញ្ចូលទាំងការបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅក្នុងខេត្តនីញធួនផងដែរ។ កាលពីខែកុម្ភៈ កន្លងទៅ គណៈប្រតិភូវៀតណាមក៏បានទៅទស្សនកិច្ចនៅរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី ដើម្បីពិនិត្យមើលបច្ចេកវិទ្យាទាំងនេះដោយផ្ទាល់រួចហើយ ។
គួររំឧឭកដែរថា គម្រោងនុយក្លេអ៊ែរនៅវៀតណាមធ្លាប់បានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០១០ ប៉ុន្តែត្រូវបានផ្អាកវិញនៅឆ្នាំ ២០១៦ ដោយសារតែក្តីបារម្ភលើបញ្ហាសុវត្ថិភាព និងថវិកា។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២៤ វៀតណាមបានសម្រេចងាកមកចាប់ផ្តើមកម្មវិធីនេះឡើងវិញ ដោយបានទាក់ទងរុស្ស៊ី និងជប៉ុន។ ប៉ុន្តែនៅខែធ្នូ ជប៉ុនបានសម្រេចចិត្តដកខ្លួនចេញពីគម្រោងនេះ ទើបធ្វើឱ្យរុស្ស៊ីក្លាយជាដៃគូដ៏សំខាន់តែមួយគត់ដែលជួយវៀតណាមសម្រេចមហិច្ឆតានុយក្លេអ៊ែរដំបូងគេ ៕


