សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមសិល្បៈដែលត្រូវសម្តែងក្នុងកម្មវិធី បុកល័ក្ត នៃពិធីរៀបអាពាហ៍ពិពាហ៍ត្រូវរៀបចំកាយវិការ និងពាក្យពេចន៍ឡើងវិញ ចៀសវាងប៉ះពាល់ទៅ ដល់អារម្មណ៍អ្នកកាន់សាសនាឥស្លាម ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ក្នុងបណ្តាញ សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា ឆ្លងកាត់នូវយោបល់របស់ពលរដ្ឋជាខ្មែរឥស្លាម បង្ហាញឲ្យឃើញថា ពួកគាត់មិនបានជំទាស់ទៅនឹងការសម្តែងដែលមានតួសម្តែងជាខ្មែរឥស្លាមនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់មិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបថសម្តែងខ្លះ ដោយខ្វះការគោរព ចំពោះព្រះរបស់ឥស្លាម ទើបធ្វើឲ្យមានប្រតិកម្មជាបន្តបន្ទាប់ ។
សម្តេចតេជោមានប្រសាសន៍ណែនាំឱ្យក្រុមសិល្បៈសម្តែងគ្រប់ក្រុមសម្តែងទាំងអស់ ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញ ទាំងកាយវិការ ទាំងពាក្យសំដីនិយាយ ព្រោះពលរដ្ឋឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់ នូវព្រះអាលឡោះ ឬព្រះអាលឡា ដូចនេះ មិនអាចសម្តែងប៉ះពាល់បានទេ ។
ចំពោះការសម្តែងប៉ះពាល់ដល់សាសនាឥស្លាមនេះ សម្តេចតេជោមានប្រសាសន៍គូសបញ្ជាក់ថា បញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្តែង ឬក្រុមសម្តែងដែលទាមទារនូវការកែតម្រូវ ជាបន្ទាន់ ទាំងពាក្យសំដី ទាំងកាយវិការសម្រាប់ការសម្តែង ចៀសវាងឲ្យខាងតែបាននូវពាក្យពេចន៍ ឬកាយវិការខ្វះការគោរពចំពោះពលរដ្ឋខ្មែរឥស្លាម។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើទៅដល់ពលរដ្ឋខ្មែរ និងខ្មែរឥស្លាមថា សូមឲ្យស្មារតីសាមគ្គីភាព រវាងជាតិសាសន៍ និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក ដួង សុគា ដែលពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានទទួល ស្គាល់ពីសមត្ថភាពនៃការសម្តែងផ្នែកសិល្បៈដ៏រស់រវើកប្រចាំប្រទេស បានសម្តែងកាយវិការ និងពាក្យពេចន៍ មួយចំនួនប៉ះពាល់ទៅដល់អារម្មណ៍អ្នកកាន់សាសនាឥស្លាមក្នុងកម្មវិធីបុកល័ក្ត ក្នុងពិធីមង្គលការរបស់ គូស្វាមីភរិយាថ្មៅងថ្មីកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែបន្ទាប់ពីដឹងថា បានធ្វើឲ្យប៉ះពាល់ដល់អ្នកកាន់សាសនា ឥស្លាម លោក ដួង សុគាក៏បានចេញមុខសុំទោសទៅដល់ពលរដ្ឋខ្មែរ-ឥស្លាមផងដែរ ៕



