ឯកឧត្តម អ៊ុំ រាត្រី អភិបាលអភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងថា យោធាថៃរំលោភបំពានកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប១.០២៦ហិកតា ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
យោធាថៃ បានបន្តរំកិលបំពាន់កាន់កាប់ដីលំនៅឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដែលជាជនស៊ីវិល ដោយការហ៊ុំព័ទ្ធលួសបន្លា និងទូរកុងតឺន័រ។
ថ្លែងឱ្យដឹងក្នុងពេលដំណើរទស្សនកិច្ចរបស់បណ្តាអង្គទូតចំនួន២៣ប្រទេស និងអង្គការអន្តរជាតិចំនួន២ ដែលបានចុះពិនិត្យជាក់ស្តែងលើកការហ៊ុំព័ទ្ធលួសបន្លា និងទូរកុងតឺន័រ ក្នុងតំបន់៣ខាងលើនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ រាត្រី បានរៀបរាប់ថា នៅភូមិជោគជ័យយោធាថៃ បានដាក់ទូកុងតឺន័រ ចំនួន៤ទីតាំង ដែលមានសរុប១៦កុងតឺន័រ ដោយរំលោភបំពានកាន់កាប់ផ្ទៃដីជិត៤០០ហិកតា។
ភូមិព្រៃចាន់បានបន្តរំលោភបំពានកាន់កាប់ លើផ្ទៃដី៤២ហិកតា ដោយការដាក់ទូកុងតឺន័រ ចំនួន៣ទីតាំង ដែលមានសរុប៦៣កុងតឺន័រ។ ចំណែក តំបន់បឹងត្រកួន ដែលមាន៤ភូមិ យោធាថៃបន្តរំលោភ បំពានកាន់កាប់ ដោយការដាក់ទូកុងតឺន័រ ចំនួន១៣ទីតាំង ដែលមានសរុប២៦កុងតឺន័រ លើផ្ទៃដី៥៨៤ហិកតា៕












