អនុវត្តតាមបទបញ្ជា និងការណែនាំយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំ នគរបាលការពារព្រំដែនគោកលេខ ៨១៥ បានដឹកនាំកម្លាំងចុះល្បាត និងឈរជើងយាមតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនដោយខុសច្បាប់។
នៅវេលាម៉ោង ០៣:០០ នាទីយប់ រំលងអធ្រាត្រ ថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ចំបក់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ចំនួន ០៧ នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរងវរសេនាតូច បានសហការជាមួយកម្លាំងស្ថាប័នពាក់ព័ន្ធក្នុង ស្រុកម៉ាឡៃ ទប់ស្កាត់បារីចំនួន ២៣ ការ៉ុង។
ការទប់ស្កាត់នេះ បានធ្វើឡើងនៅចំណុច ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ជាតំបន់ជាប់ព្រំដែន ដែលសង្ស័យថា ឈ្មួញបម្រុងលួចនាំបារីពី ប្រទេសកម្ពុជា ឆ្លងដែនចូលទៅ ប្រទេសថៃ ដោយខុសច្បាប់។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ បានបញ្ជាក់ថា ការបង្ក្រាបនេះ គឺជាលទ្ធផលនៃការអនុវត្តយ៉ាងតឹងរឹងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងមូលដ្ឋាន។
បន្ទាប់ពីធ្វើការទប់ស្កាត់រួច វត្ថុតាងបារីទាំង ២៣ ការ៉ុង ត្រូវបានប្រគល់បន្តតាមនីតិវិធី ដល់ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ នៅវេលាម៉ោង ០៨:១៥ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ដើម្បីកសាងសំណុំរឿងតាមច្បាប់៕




