អ្នកនាំពាក្យក្រសួងព័ត៌មាន បានស្នើអាជ្ញាធរពាក់ព័ន្ធឱ្យផ្តល់អាទិភាពលើការធានា តម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអ្នកសារព័ត៌មានមួយនៅខេត្តបន្ទាយមានជ័យ ខណៈក្រសួងព័ត៌មានកំពុងតាមដានករណីនេះយ៉ាងជិតស្និទ្ធ។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រសួងព័ត៌មានបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែម និងពិនិត្យស្វែងយល់អំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងករណីអ្នកសារព័ត៌មាននៅ បន្ទាយមានជ័យ នេះ។
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ ការគាំទ្រផ្នែកច្បាប់ ប្រសិនបើមានសំណើសមស្រប ដោយអាចរាប់បញ្ចូលទាំងការចូលរួមគាំទ្រក្នុងដំណើរការនីតិវិធីតុលាការ។ ទោះជាយ៉ាងណា ការពិនិត្យសំណើនឹងផ្អែកលើលក្ខខណ្ឌសំខាន់ៗ រួមមាន ការអនុវត្តការងាររបស់អ្នកសារព័ត៌មានស្របតាមច្បាប់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ជាមួយគ្នានេះ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានលើកឡើងអំពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅកម្ពុជា ដែលរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី–ខេត្ត កំពុងអនុវត្តយ៉ាងសកម្ម និងទទួលបានការទទួលស្គាល់ពីដៃគូអន្តរជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមរបស់សារព័ត៌មាន ក្នុងការផ្សាយព័ត៌មានមានមូលដ្ឋានច្បាស់លាស់ ប្រភពអាចទុកចិត្តបាន និងគោរពក្រមសីលធម៌ គឺជាកត្តាសំខាន់ដែលត្រូវបានលើកទឹកចិត្ត។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធថា «សូមមេត្តាផ្តល់អាទិភាពដល់ការធានាតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់កំណត់ ដោយធានាថា អង្គហេតុ អង្គច្បាប់ និងព័ត៌មានពាក់ព័ន្ធ ត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃសំណុំរឿង សម្រាប់ការពិនិត្យ និងពិចារណាគ្រប់ជ្រុងជ្រោយ»។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានដែលខ្លួនទទួលបាន ដើម្បីរួមចំណែកជាប្រយោជន៍ដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងធានាសុវត្ថិភាពក្នុងការបំពេញភារកិច្ចវិជ្ជាជីវៈរបស់ខ្លួន។
កម្ពុជា ត្រូវបានចាត់ទុកថាជាប្រទេសរងគ្រោះពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ និងស្មុគស្មាញ។ ការធ្វើតុល្យភាពរវាងសេរីភាព និងវិជ្ជាជីវៈសារព័ត៌មាន ជាមួយនឹងតម្រូវការនៃការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ត្រូវបានចាត់ទុកថា ជាគន្លឹះសំខាន់សម្រាប់ឧត្តមប្រយោជន៍សង្គមជាតិ៕

