សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៥៤០ គ្រួសារ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់រៀបចំទីជម្រកសុវត្ថិភាព និងផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ឱ្យអាចស្នាក់នៅបានដោយសុវត្ថិភាព ក្នុងអំឡុងពេលដ៏លំបាកនេះ។
សម្តេចមហាបវរធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដែលកើតមានឡើង ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ដើម្បីដោះស្រាយបញ្ហាជនភៀសសឹក និងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។
វិធានការទី១ គឺសម្រាប់បងប្អូនជនភៀសសឹក ដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន។ ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន កំពុងខ្នះខ្នែងសម្របសម្រួលឱ្យការវិលត្រឡប់នេះអាចធ្វើទៅបានឆាប់រហ័ស។ ជាមួយគ្នានេះ ប្រតិបត្តិករមីន ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) កំពុងបន្តបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុវត្ថិភាពមុនអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅរស់នៅវិញ។ រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការពិសេស ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា–ថៃផងដែរ។
វិធានការទី២ សម្រាប់បងប្អូនជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងពង្រឹង និងរៀបចំជម្រកបណ្តោះអាសន្ន ឬផ្លាស់ប្តូរទៅទីតាំងដែលមានលក្ខខណ្ឌប្រសើរជាង ដើម្បីជួយរក្សាលំនឹងជីវភាពប្រចាំថ្ងៃរបស់បងប្អូន ក្នុងអំឡុងពេលរង់ចាំការវិលត្រឡប់។
វិធានការទី៣ គឺការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងសាធារណៈ ដែលរងការខូចខាត រួមមាន សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យ ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍។ ក្រុមការងារពាក់ព័ន្ធកំពុងវាយតម្លៃផលខូចខាតជាក់ស្តែង ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត។


































