អាជីវករលក់បន្លែផ្លែឈើនៅតាមដងផ្លូវក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ជុំវិញផ្សារដើមគរ បានផ្ទុះការតវ៉ាបិទផ្លូវព្រះមុនីរ៉េត ដើម្បីទាមទារសុំសិទ្ធិបន្តលក់ដូរនៅទីតាំងដើម បន្ទាប់ពីអាជ្ញាធរបានចាត់វិធានការរៀបចំសណ្តាប់ធ្នាប់ និងរុះរើគ្រែលក់ដូរ បង្ខំឱ្យអាជីវករផ្លាស់ទៅលក់នៅផ្សារដើមគរថ្មី ដែលស្ថិតនៅជាយក្រុង។
ការតវ៉ានេះបានចាប់ផ្តើមតាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនោះ អាជីវករជាច្រើននាក់បាននាំគ្នាបិទផ្លូវព្រះមុនីរ៉េត ត្រង់មុខផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បណ្តាលឱ្យការធ្វើចរាចរណ៍មានការកកស្ទះជាបណ្តោះអាសន្ន។
តាមព័ត៌មានឱ្យដឹងថា ការតវ៉ានេះកើតឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឱ្យអាជីវករលក់ដូរតាមដងផ្លូវព្រះមុនីរ៉េត និងតំបន់ជុំវិញផ្សារដើមគរ ទាំងអស់ផ្លាស់ទៅលក់នៅផ្សារដើមគរថ្មី ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១៨ ខែមករា លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី ចុះទៅធ្វើការសម្របសម្រួល និងពន្យល់ណែនាំដល់អាជីវករ ឱ្យទៅលក់ដូរនៅផ្សារដើមគរថ្មី ដែលស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។ ទោះជាយ៉ាងណា អាជីវករជាច្រើនបានបង្ហាញការមិនពេញចិត្ត ដោយអះអាងថា ទីតាំងថ្មីមានចម្ងាយឆ្ងាយ អាចធ្វើឱ្យការលក់ដូរមិនសូវដាច់ និងប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។
ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងអនុវត្តការលាងសម្អាតអនាម័យនៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ២៣០ និងតំបន់ជុំវិញ ដើម្បីត្រៀមរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រីបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ តទៅ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្តាប់ធ្នាប់ រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដើមគរ ទៀតឡើយ ព្រោះសកម្មភាពទាំងនេះធ្លាប់បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងកើតមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ ប៉ះពាល់ដល់សិទ្ធិធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសោភ័ណភាពទីក្រុង។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យអាជីវករទាំងអស់ សូមយោគយល់ និងអធ្យាស្រ័យ ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ និងភាពស្អាតស្អំរបស់រាជធានីភ្នំពេញ ៕






