លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិកទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់ ដែលបង្កការបំបែកបំបាក់សាមគ្គីភាពជាតិ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលប្រារព្ធធ្វើនៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានជាសមាជិក IPA ទាំងអស់ ដែលបានបំពេញបេសកកម្មផ្តល់ព័ត៌មានពិត និងទាន់ហេតុការណ៍ជូនសាធារណជន ជាពិសេសនៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងប្រឈមនឹងបញ្ហាប្រឈមផ្នែកសន្តិសុខ និងបរិបទតានតឹងតាមព្រំដែន។
លោកបណ្ឌិតបានកត់សម្គាល់ថា ក្នុងស្ថានភាពដែលពិភពលោកកំពុងជួបប្រទះនឹងលំហូរព័ត៌មានឥតដែនកំណត់ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម មានក្រុមមួយចំនួនបានប៉ុនប៉ងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងផ្លូវខុស ដើម្បីបម្រើឱ្យរបៀបវារៈទុច្ចរិត បំបែកបំបាក់សាមគ្គីភាពជាតិ និងបង្កអស្ថិរភាពសង្គម។
ជាមួយគ្នានេះ លោកបណ្ឌិត ទូច វណ្ណៈ បានអំពាវនាវឱ្យអ្នកសារព័ត៌មានជាសមាជិក IPA ចូលរួមអនុវត្តកាតព្វកិច្ចវិជ្ជាជីវៈរបស់ខ្លួន តាមរយៈការប្រឆាំងដាច់ខាតនឹងព័ត៌មានញុះញង់ ការការពារសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “ពិត តុល្យភាព និងគ្រប់ជ្រុងជ្រោយ”។
លើសពីនេះ លោកក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន ចូលរួមបណ្តុះស្មារតីអក្ខរកម្មព័ត៌មានដល់សាធារណជន ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចវិភាគ និងវាយតម្លៃព័ត៌មានបានត្រឹមត្រូវ និងចៀសវាងការជឿលើព័ត៌មានក្លែងក្លាយ ដែលបង្កភាពភ័យខ្លាច និងការយល់ច្រឡំក្នុងសង្គម។
ប្រធាន IPA ក៏បានសង្កត់ធ្ងន់ថា សេរីភាពសារព័ត៌មាន ត្រូវដើរទន្ទឹមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ និងសីលធម៌សង្គម ខណៈសន្តិភាព និងឯកភាពជាតិ គឺជាគ្រឹះសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងឱកាសដដែលនេះ លោកបណ្ឌិត ទូច វណ្ណៈ ក៏បានអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានជាសមាជិក IPA បន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិសុខសង្គម និងការពារកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។
ជាចុងក្រោយ លោកបណ្ឌិត ទូច វណ្ណៈ បានសម្តែងសេចក្តីសង្ឃឹមថា សមាជិក IPA ទាំងអស់ នឹងបន្តជាអ្នកនាំសារដ៏ស្មោះត្រង់ និងជាខែលដ៏រឹងមាំ ក្នុងការការពារសុខសន្តិភាព និងស្ថិរភាពនៃប្រទេសកម្ពុជា។







