ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានថ្លែងថាការប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី៣ នៅស្ពានហាល ខាងលិច ប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានការចូលរួមពីបេក្ខជន បេក្ខនារី និងបេក្ខសាមណេរយ៉ាងច្រើនកុះករ។ឯកឧត្ដមបានចាត់ ទុក ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំង ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការចូលរួមលើកស្ទួយអក្សរសាស្ត្រ អក្សរសិល៍្បខ្មែរដ៏ផូរផង់ ដែលបុព្វបុរសបានបន្សល់ទុកឱ្យ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមក្នុងកម្មវិធី និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីសាមគ្គីភាពរបស់ក្រុមការងារ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ប្រកបដោយការទទួលខុសត្រូវ និងជាពិសេស ការចូលរួមដោយចេញពីបេះដូងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងព្រឹត្តិការណ៍ សំណេរអង្គរនេះ ដែលជានិមិត្តរូបដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ឯកឧត្តមថា ទីតាំងស្ពានហាលនៃប្រាសាទអង្គរវត្តនេះ មិនមែនគ្រាន់តែជាសំណង់បេតិកភណ្ឌពិភពលោកនោះទេ ថែមទាំងជាមជ្ឈមណ្ឌលវប្បធម៌ដ៏ធំធេង និងជាបណ្ណាល័យសិលាចារឹកដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីមោទនភាព និងការវិវត្តដ៏រុងរឿងនៃអក្សរសាស្ត្រខ្មែរតាំងពីបុរាណកាលមកដល់ពេលបច្ចុប្បន្ននេះ។ ការមកជួបជុំគ្នានៅទីនេះ គឺជាការបង្ហាញពីមនសិការជាតិ ក្នុងការរួមគ្នាថែរក្សាអត្តសញ្ញាណអក្សរសាស្ត្រ ដែលជាភារកិច្ចចម្បងរបស់ប្រជាជនខ្មែរគ្រប់រូប ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីឫសគល់ដ៏រឹងមាំរបស់ខ្លួន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ មានប្រសាសន៍ទៀតថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះ ក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យ ក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលជាយុទ្ធសាស្ត្រកំណែទម្រង់ដ៏មុតស្រួចបំផុតមួយ សម្រាប់ការលើកកម្ពស់គុណភាពអប់រំបឋមសិក្សា។
សំឡេង៖ ការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រឡាញ់ចូលចិត្តការសរសេរអក្សរខ្មែរ ក្នុងការលើកកម្ពស់សមត្ថភាពសិស្សក្នុងការសរសេរ ដែលជាបំណិនសំខាន់ ក្នុងការសិក្សាអក្សរខ្មែរ និងអក្សរសាស្ត្រខ្មែរ ដែលញុំាងឱ្យអ្នកសិក្សា មានការប្រុងប្រយ័ត្ន ចងចាំ សរសេរឱ្យបានត្រឹមត្រូវតាមអក្ខរ៉ាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ ចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់។
តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដែលធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូន និងសូមកោតសរសើរចំពោះការលះបង់ និងភាពក្លាហានរបស់បេក្ខជនបរទេស ក៏ដូចជាមាតាបិតាបេក្ខជនដែលមានអាយុក្រោម១៨ឆ្នាំ ដែលបានលើកទឹកចិត្តនិងជូនកូនៗមកចូលរួមការប្រកួតនាពេលនេះ និងសូមបួងសួងឱ្យសេចក្ដីស្រឡាញ់អក្សរសាស្ត្រខ្មែរយើង រឹងមាំ ប្រៀបដូចប្រាង្គប្រាសាទ ដែលកំពុងឈរយ៉ាងស្កឹមស្កៃនេះ។
គួរបញ្ជាក់ដែរថា ការប្រកួតសរសេរតាមអាន «សំណេរអង្គរ» លើកទី៣នេះ មានបេក្ខជន និងបេក្ខសមណេរសរុបចំនួន ១៨៦០អង្គ/នាក់។ សម្រាប់ការប្រកួតនៅឆ្នាំនេះ មានវត្តមានព្រះសង្ឃចំនួន ២៣១អង្គ។ ចំណែកបេក្ខជន ចាស់ជាងគេអាយុ ៨២ឆ្នាំ និងក្មេងជាងគេអាយុ៥ឆ្នាំ៕












