ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ ធនាគារព្រីនស៍ ម.ក ឱ្យស្ថិតក្រោមនីតិវិធី ជម្រះបញ្ជីស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយបានតែងតាំង ក្រុមហ៊ុន Morisonkak MKA Audit-Accounting Co., Ltd ជា អ្នកជម្រះបញ្ជី ដើម្បីគ្រប់គ្រង និងចាត់ចែងប្រតិបត្តិការ និងទ្រព្យសម្បត្តិរបស់ធនាគារនេះ។
យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៨មករា២០២៥ របស់ធនាគារជាតិ ចាប់ពីថ្ងៃប្រកាសនេះតទៅ ធនាគារព្រីនស៍ ម.ក ត្រូវបានផ្អាកមិនឱ្យផ្តល់សេវាធនាគារថ្មីទៀត រួមមានការទទួលប្រាក់បញ្ញើថ្មី និងការផ្តល់ឥណទានថ្មី។ ការគ្រប់គ្រងទាំងស្រុងលើប្រតិបត្តិការ និងទ្រព្យសម្បត្តិ នឹងស្ថិតក្រោមសិទ្ធិរបស់អ្នកជម្រះបញ្ជី។
ចំពោះ អតិថិជនដែលមានប្រាក់បញ្ញើ នៅធនាគារព្រីនស៍ ម.ក ធនាគារជាតិបានបញ្ជាក់ថា អាចទៅ ដកប្រាក់បានជាប្រក្រតី ដោយត្រូវរៀបចំឯកសារពាក់ព័ន្ធ ស្របតាមការចាត់ចែងរបស់អ្នកជម្រះបញ្ជី ហើយការទូទាត់នឹងអនុវត្តតាម លំដាប់អាទិភាព ដូចដែលបានកំណត់ក្នុងច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ខណៈដែល អ្នកខ្ចីប្រាក់ ពីធនាគារព្រីនស៍ ម.ក ត្រូវបន្តបំពេញ កាតព្វកិច្ចសងបំណុល របស់ខ្លួនដូចធម្មតា មិនមានការលើកលែងឡើយ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់បន្ថែមថា ខ្លួននឹងសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បី តាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុត លើការអនុវត្តនៃអភិបាលកិច្ចបណ្តោះអាសន្ន ក្នុងគោលបំណងការពារ ផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ និងអតិថិជនទាំងអស់។

