ប្រតិបត្តិការនេះ ធ្វើឡើងពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
កម្លាំងជំនាញ បានស្រាវជ្រាវ និងចុះបង្រ្កាបនៅគោលដៅទី១ ចំណុចខាងមុខផ្ទះ ១៣៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ និងគោលដៅទី២ នៅចំណុច ចំណតរថយន្ត ជាន់ទី៧ នៃខុនដូមួយកន្លែង ស្ថិតនៅតាមផ្លូវមហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លទ្ធផល នៃការបង្ក្រាបនេះ កម្លាំងជំនាញចាប់ខ្លួនជនជាតិវៀតណាមចំនួន ២នាក់ ភេទប្រុស ដោយចាប់យកវត្ថុតាង៖ គ្រឿងញៀនប្រភេទអ៊ិចស្ដាស៊ី(MDMA) ចំនួន ៥១,៤២៨គ្រាប់ មានទម្ងន់ប្រមាណ ១៨គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីស៊ើបអង្កេតបន្តតាមនីតិវិធី ៕



