លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស អនុប្រធានាធិបតីវេណេស៊ុយអេឡា បាននិយាយថា លោក នីកូឡាស់ ម៉ាឌូរ៉ូ គឺជា “ប្រធានាធិបតីតែម្នាក់គត់” របស់ប្រទេសវេណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
លោកស្រីអនុប្រធានាធិបតីបានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាផ្ទាល់នៅលើស្ថានីយ៍ទូរទស្សន៍រដ្ឋដោយបន្ថែមថា ប្រទេសវេណេស៊ុយអេឡានឹងមិនអាចក្លាយជាអាណានិគមរបស់ប្រទេសណាមួយឡើយ។
អមដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងមន្ត្រីផ្សេងៗទៀត លោកស្រីអនុប្រធានាធិបតីបានទាមទារឱ្យសហរដ្ឋអាម៉េរិកដោះលែងលោក ម៉ាឌូរ៉ូ និងភរិយារបស់លោក ហើយបានជំរុញឱ្យប្រជាជនវេណេស៊ុយអេឡារក្សាភាពស្ងប់ស្ងាត់ ប្រឈមមុខនឹងបញ្ហាប្រឈមជាមួយគ្នា និងការពារអធិបតេយ្យភាពជាតិ។
លោកស្រីបានបន្តថា ការវាយប្រហារបែបនេះអាចកើតឡើងនៅក្នុងប្រទេសផ្សេងទៀតនៅក្នុងតំបន់នាពេលអនាគត ហើយប្រទេសវេណេស៊ុយអេឡាបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន ហើយនឹងមិនអាចក្លាយជាអាណានិគមរបស់ប្រទេសណាមួយ ឬជាទាសករនៃចក្រភពណាមួយឡើយ។
គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡានៅព្រឹកព្រលឹមថ្ងៃសៅរ៍ ដោយចាប់ខ្លួនលោក ម៉ាឌូរ៉ូ និងភរិយារបស់លោក និងបាននាំខ្លួនទៅកាន់សហរដ្ឋអាម៉េរិក៕



