លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជំរុញឱ្យមន្ត្រីតុលាការទាំងអស់ បន្តអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ការជំរុញនេះ បានធ្វើឡើងខណៈដែលលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក សៀង សុខ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ជំនួសលោក មាស ច័ន្ទពិសិដ្ឋ ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
ក្នុងពិធីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្រ្តីតុលាការទាំងអស់នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនៅទូទាំងប្រទេស ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ, មានសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុច របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យពង្រឹងឱ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុក ឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានឆាប់រហ័ស, ត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ និងសំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់។ ជាមួយគ្នានេះ ប្រធានសាលាដំបូង និងចៅក្រម ដែលត្រូវផ្លាស់ទៅបំពេញការងារនៅសាលាដំបូងផ្សេង ត្រូវយកចិត្តទុកដាក់រៀបចំសាលក្រម/សាលដីកាដែលនៅសេសសល់ឱ្យបានរួចរាល់មុនចាកចេញ ចំពោះសំណុំរឿងដែលខ្លួនបានប្រកាសរួច។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យព្រះរាជអាជ្ញា ត្រូវក្តាប់ឱ្យបាននូវនយោបាយព្រហ្មទណ្ឌនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចំណែកឯ ចៅក្រមត្រូវផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់ស្របតាមបន្ទាត់នយោបាយព្រហ្មទណ្ឌ។ ក្រៅពីនេះ ត្រូវគោរពវិន័យការងារ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តការងាររបស់ខ្លួន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណគណៈអភិបាលខេត្ត, ក្រុមប្រឹក្សាខេត្ត, អាជ្ញាធរដែនដី, មន្ទីរ, អង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់នូវការគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅក្នុងការដោះស្រាយបញ្ហា ក៏ដូចជាដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ នាពេលកន្លងមក៕














