ថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាច្រើនរូប ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីជេរប្រមាថមកលើបុគ្គល និងអង្គភាពកងរាជអាវុធហត្ថពីលោក ផែង វណ្ណៈ តាមផេក «Pheng Vannak News» កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
កងរាជអាវុធហត្ថ គូសបញ្ជាក់ថា «កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រសិនបើប្រព្រឹត្តអំពើល្មើសច្បាប់នឹងទទួលទោសចំពោះមុខច្បាប់ ប្រសិនបើប្រព្រឹត្តខុសវិន័យកងទ័ពនឹងទទួលវិន័យទណ្ឌកម្ម»។
កងរាជអាវុធហត្ថស្នើឱ្យលោក ផែង វណ្ណៈ ធ្វើការបកស្រាយ និងបង្ហាញភស្តុតាងជាសាធារណៈចំពោះពាក្យសម្តីដែលបានផ្សព្វផ្សាយ និងការជេរប្រមាថមកលើកងរាជអាវុធហត្ថ។
សូមបញ្ជាក់ផងដែរ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ច និងត្រួតពិនិត្យនូវសកម្មភាពមិនប្រក្រតី នៃការប្រតិបត្តិតួនាទី-ភារកិច្ច របស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
តាមរយៈសេចក្តីសម្រេច បានបញ្ជាក់ថា ក្រុមការងារមានសិទ្ធិ ជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ, ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ព្រមទាំង អ្នកដែលមានការពាក់ព័ន្ធមកធ្វើការសាកសួរ-បំភ្លឺ ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្តែង។ បូកសរុបលទ្ធផលការងារ ធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ-សម្រេច៕








































