នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំភ្លាមៗទៅលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឲ្យចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ ។
ការណែនាំភ្លាមៗរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយលោក តាន់ គីមសួរ បានស្វែងរកអន្តរាគមន៍ឲ្យជួយបង្ក្រាបបទល្មើសព្រៃឈើ ដែលលោកទទួលបាន តែមិនមានការចូលសហការពីមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ហើយថែមទាំងបញ្ជាឲ្យកូនចៅសួររកលិខិតបេសកកម្មទៀត។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក៖ ករណីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានទៅសួរនាំលោក តាំង គីមសួរ ដែលបានបង្ហោះតាមបណ្ដាញព័ត៌មានសង្គមនេះ លោកបានទទួលព័ត៌មានភ្លាមៗពីលោក តាំង គីមសួរ ហើយនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រួចហើយ។
ជាមួយគ្នានេះ កម្លាំងជំនាញព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងចុះទៅសហការ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើតំបន់នោះផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី។



