ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាឱ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាម ចំនួនសរុប ៣០នាក់ (ស្រី ៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង។
ជនជាតិវៀតណាមទាំងនេះ ត្រូវបានអាជ្ញាធរសមត្ថកិច្ចបង្ក្រាបឃើញថា មានពាក់ព័ន្ធនឹងការលួចស្នាក់នៅក្នុងប្រទេស ដោយគ្មានឯកសារផ្លូវការ សហការចូលរួមក្នុងសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) ការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងមានការអនុវត្តបទល្មើសលួច។ ជនពាក់ព័ន្ធមួយចំនួនបានទទួលទោសចប់តាមនីតិវិធីមុនពេលចាត់ចែងបណ្តេញចេញ។
ការអនុវត្តន៍នេះ ស្ថិតក្រោមអនុសាសន៍ ដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ករណីនេះក៏ជាលទ្ធផលនៃការសហការងារយ៉ាងជិតស្និទ្ធរវាង នាយកដ្ឋានអន្តោប្រវេសន៍ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គនាយកអន្តោប្រវេសន៍ បន្តបញ្ជាក់ថា ការទប់ស្កាត់ និងបង្ក្រាបនីតិវិធីចំពោះជនបរទេសដែលបំពានច្បាប់ គឺជាការងារដែលនឹងអនុវត្តយ៉ាងតឹងរឹង ដើម្បីធានាសុវត្ថិភាព សន្តិសុខសង្គម និងស្ថិរភាពជាតិ។





