ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ បាននាំគ្នាដើរដង្ហែក្បួនតាមបណ្ដាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីអំពាវនាវដល់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ជំរុញរដ្ឋាភិបាលថៃឱ្យដោះលែងយោធាកម្ពុជាចំនួន១៨រូប ដែលទាហានថៃបានចាប់ខ្លួនក្រោយបទឈប់បាញ់ ឱ្យពួកគាត់ត្រលប់មកផ្ទះសម្បែងជួបជុំក្រុមគ្រួសារវិញ។
យោងតាមការឱ្យដឹងពីពលរដ្ឋនៅខេត្ដសៀមរាប បានឱ្យដឹងថា ការចាប់ខ្លួនយោធាខ្មែរដោយខុសច្បាប់ពីសំណាក់ទាហានថៃនេះ ជាការប្រមាថ និងមិនគោរពបទឈប់បាញ់ដែលមានការចូលរួមអន្ដរាគមន៍ពីប្រទេសសហរដ្ឋអាម៉េរិក ប្រជាមានិតចិន និងប្រទេសម៉ាឡេស៊ី។ ដូច្នេះរដ្ឋាភិបាលថៃដោះលែងវីរកងទ័ពដែលបានចាប់ខ្លួនត្រលប់មកកម្ពុជាវិញ។
ប្រជាពលរដ្ឋក៏បានអំពាវនាវដល់រដ្ឋាភិបាលថៃគោរពឱ្យបានជាដាច់ខាតនូវបទឈប់បាញ់ និងគោរពឱ្យបាននូវច្បាប់អន្ដរជាតិ ដែលថៃបានប្រើប្រាស់នូវអាវុធដែលជាឧក្រិដ្ឋកម្មនៃសង្រ្គាម ដែលមានដូចជា F16 BM84 និងផ្សែងពុល ប្រើប្រាស់នូវយុទ្ធបករណ៍ និងឱ្យរាជរដ្ឋាភិបាលថៃបញ្ឈប់ជាបន្ទាន់។
ពលរដ្ឋក្នុងខេត្ដសៀមរាបក៏បានអំពាវនាវដល់ពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសជឿជាក់ និងទុកចិត្ដលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន។ រាជរដ្ឋាភិបាលបានប្រើយុទ្ធសាស្រ្ដចាស់ទុំតាមរយៈនយោបាយកាទូតដែលជាកម្លាំងវិជ្ជមាន ដែលបង្ហាញដល់អន្ដរជាតិឱ្យដឹងពីភាពខ្លាំងរបស់កម្ពុជា និងបង្ហាញថាកម្ពុជាចង់បានសន្តិភាព៕



























