យោងតាមការឱ្យដឹងពី រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វដំរីញីឈ្មោះ«ឡាក់គី» បានងាប់ហើយនៅព្រឹកថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ ទោះក្រុមពេទ្យសត្វរបបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី អង្គការWildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។
រដ្ឋបាលព្រៃឈើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់ និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។
រដ្ឋបាលព្រៃឈើ បានបញ្ជាក់ថា សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។
រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃឱ្យបានដូចដំរី«ឡាក់គី»ក្នុងពេលកន្លងមក៕





