គណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥បានដំណើរការប្រឡងនៅព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០២៥នេះ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក »ជាមួយនិងបេក្ខជនប្រឡងចំនួន២៥០នាក់ មានបេក្ខនារី៧៨នាក់ដោយត្រូវជ្រើសរើសយកចំនួន៧២នាក់ក្នុងនោះ វេជ្ជបណ្ឌិត២៩នាក់ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ចំនួន ៥ នាក់,គិលានុបដ្ឋាកចំនួន៣៨នាក់។
ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងចែកចេញជា២ក្រុម ដោយក្រុមទី១ឯកឧត្ដម សន្តិបណ្ឌិត.ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្រុមទី២ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងលោកហុក ហួលីម នាយករដ្ឋបាលសាលារាជធានីភ្នំពេញរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ មានផ្នែកជំនាញសុខាភិបាល ចំនួន៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តក្នុងនោះសម្រាប់រាជធានីភ្នំពេញចំនួន៨នាក់។ ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្ត ដោយ
មិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង,មិនត្រូវពិភាក្សា ឬចម្លងគ្នា,មិនត្រូវយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង,ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។ ក្នុងករណីមេប្រយោគ ឬ អនុរក្សឆែករកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន,មិនត្រូវគូសសញ្ញាសំគាល់នៅលើសន្លឹកកិច្ចការ,មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង ,ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារីនៅក្នុងបរិវេណមណ្ឌលប្រឡង ។
រាល់ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយ សន្លឹកកិច្ចការរបស់បេក្ខជននោះនឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀតដែលត្រូវបានកំណត់ ដោយគណៈកម្មការកណ្ដាលរៀបចំការប្រឡង។ ការប្រឡងនឹងប្រព្រឹត្តទៅរយះពេល២ម៉ោងលើវិញ្ញាសារ ចំណេះដឹងទូទៅ និងចំណេះដឹងវិស័យពន្ធនាគារ,ជំនាញឯកទេសសុខាភិបាលរយះពេល២ម៉ោង។
ក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ផ្នែកជំនាញសុខាភិបាល ចំនួន៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដូចខាងក្រោម៖ក្របខ័ណ្ឌជ្រើសរើសផ្នែកជំនាញសុខាភិបាលវេជ្ជបណ្ឌិត២៩នាក់វេជ្ជបណ្ឌិត ឯកទេសរោគស្ត្រីចំនួន៥នាក់គិលានុបដ្ឋាកចំនួន៣៨នាក់ក្របខ័ណ្ឌសរុបចំនួន៧២នាក់។ សម្រាប់ទៅបម្រើការនៅតាមមណ្ឌលអប់រំកែប្រែទី១,២-មណ្ឌលអប់រំកែប្រែទី២,មណ្ឌលអប់រំកែប្រែទី៣,មណ្ឌលអប់រំកែប្រែទី៤,៥ -ពន្ធនាគាររាជធានីភ្នំពេញ,៦ -ពន្ធនាគារខេត្តកណ្តាល,៧ _ពន្ធនាគារខេត្តតាកែវ,៨ ពន្ធនាគារខេត្តកំពត,៩ -ពន្ធនាគារខេត្តកំពង់ស្ពឺ,ពន្ធនាគារខេត្តព្រះសីហនុ,ពន្ធនាគារខេត្តស្វាយរៀង,ពន្ធនាគារខេត្តកំពង់ចាម,ពន្ធនាគារខេត្តត្បូងឃ្មុំ,ពន្ធនាគារខេត្តកំពង់ធំ,ពន្ធនាគារខេត្តកំពង់ឆ្នាំង,ពន្ធនាគារខេត្តពោធិ៍សាត់,ពន្ធនាគារខេត្តបាត់ដំបង,ពន្ធនាគារខេត្តបន្ទាយមានជ័យ,ពន្ធនាគារខេត្តសៀមរាប,ពន្ធនាគារខេត្តកោះកុង,ពន្ធនាគារខេត្តព្រះវិហារ,ពន្ធនាគារខេត្តរតនគិរី,ពន្ធនាគារខេត្តមណ្ឌលគិរី,ពន្ធនាគារខេត្តក្រចេះ,ពន្ធនាគារខេត្តស្ទឹងត្រែង,ពន្ធនាគារខេត្តប៉ៃលិន,ពន្ធនាគារខេត្តឧត្តរមានជ័យ,ពន្ធនាគារខេត្តកែប។
គួរបញ្ជាក់ថា៖លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទដែលមានសិទ្ធិសុំចុះឈ្មោះប្រឡងប្រជែងជ្រើស រើសផ្នែកជំនាញសុខាភិបាល(វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី និងគិលានុបដ្ឋាក) ត្រូវបំពេញ ដូចខាងក្រោម៖១- មានសញ្ជាតិខ្មែរ២- មានជីវប្រវត្តិច្បាស់លាស់ មានកិរិយាមារយាទល្អ និងពុំធ្លាប់មានទោស៣- បេក្ខជនទាំងពីរភេទត្រូវមានសញ្ញាបត្រតាមមុខជំនាញសុខាភិបាលនីមួយៗ ដូចខាងក្រោម៖វេជ្ជបណ្ឌិត៖សញ្ញាបត្រវេជ្ជបណ្ឌិត ឬសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រវេជ្ជបណ្ឌិតឯកទេសរោគស្ត្រី៖ សញ្ញាបត្រវេជ្ជបណ្ឌិត ឬ សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងវិញ្ញាបនបត្រផ្នែកជំនាញរោគស្ត្រី សញ្ញាបត្រគិលានុបដ្ឋាកបរិញ្ញាបត្រគិលានុបដ្ឋាក៖៤- ចំពោះបេក្ខជនផ្នែកជំនាញសុខាភិបាល ដែលមានសញ្ញាបត្រវេជ្ជបណ្ឌិត និងបរិញ្ញបត្រគិលានុបដ្ឋាក ត្រូវបានលើកលែងលក្ខខណ្ឌអាយុសម្រាប់ការចូលរួមប្រឡងជ្រើសរើសខាងលើ៥- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ (ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ធ្វើតេស្តរកសារធាតុញៀន)៕







