នៅវេលាម៉ោងប្រហែល២១និង៤០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភួង សុខហាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពឆក់ខ្សែ ក របស់ជនរងគ្រោះឈ្មោះ គុំ ធៀន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខណៈពេលដែលជនរងគ្រោះកំពុងឈរលេងជាមួយនឹងកូនស្រី នៅចំណុចមុខបុរីមានជ័យ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហេីយបានស្រែកឱ្យប្រជាពលរដ្ឋដែលនៅក្បែរនោះជួយចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕



