ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកការពង្រឹងច្បាប់ទម្លាប់ និងអនុវត្តតាមលិខិតបទដ្ឋាន ជាគ្រឹះធ្វើឱ្យស្ថាប័នរឹងមាំ និងមាននិរន្តរភាព

ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់ និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីសារសំខាន់នៃការកសាងច្បាប់ និងកែលម្អរាល់លិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ទៅតាមការវិវត្តទៅមុខនៃសង្គមជាតិ និងពិភពលោក ដើម្បីជាប្រយោជន៍រួម ដោយឈរលើគោលការណ៍ពង្រឹងនីតិរដ្ឋ រួមទាំងរបៀបរៀបរយក្នុងសង្គម។ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យក្រុមប្រឹក្សានីតិកម្ម សម្របសម្រួលការពង្រឹងច្បាប់ដែលមានស្រាប់ និងធ្វើបច្ចុប្បន្នភាពច្បាប់ ដែលមានអាយុកាលលើសពី១០ឆ្នាំ ដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែងនៃសង្គម។

គួរកត់សម្គាល់ថា ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ ដឹកនាំដោយប្រធានមួយរូប មានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធាន មានឋានៈ និងបុព្វសិទ្ធិស្មើអគ្គនាយកជាជំនួយការ ព្រមទាំងមានសមាជិកក្រុមប្រឹក្សានីតិកម្ម មានឋានៈនិងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សានីតិកម្ម មានតួនាទីសំខាន់ ដូចជាសហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃក្នុងការលើកផែនការកសាង សិក្សា ស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់ផ្សេងទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងការកសាងបញ្ជីផែនការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាដើម។

សូមបញ្ជាក់ថា ក្រុមប្រឹក្សានីតិកម្មមានអង្គភាពចំណុះចំនួន ៥ រួមមាន១.នាយកដ្ឋានរដ្ឋបាលសរុប ២.ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនគរបាលជាតិ ៣.ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល ៤.ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រសួង ស្ថាប័ននានា និង៥.ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ។ បច្ចុប្បន្ន ក្រុមប្រឹក្សានីតិកម្មដឹកនាំដោយ ឯកឧត្តម ហ៊ន យុវនា ដែលកាន់មុខតំណែងប្រធានក្រុមប្រឹក្សានីតិកម្មចាប់ពីឆ្នាំ២០២២ អមដោយអនុប្រធាន៣០រូប និងសមាជិក៣៨រូប៕