យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់ក្រោមរូបភាពរៃអង្គាសប្រាក់ ក្នុងនាមកងកម្លាំងជួរមុខនៅព្រំដែន និងបង្ហោះផ្សព្វផ្សាយព័ត៌មានមិនពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ទ.ស.ប ភេទប្រុស។ តាមការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានប្រើប្រាស់គណនី និងទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីធ្វើការឆបោកប្រាក់ ដោយប្រកាសស្វែងរកជំនួយសប្បុរសធម៌ ក្រោមរូបភាពជាកងកម្លាំងនៅតំបន់ជួរមុខ ព្រមទាំងផ្សព្វផ្សាយនូវវីដេអូក្លែងក្លាយអំពីការផ្ទុះអាវុធ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភាន់ច្រឡំ ថាមានសង្គ្រាមកើតឡើងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានសូមក្រើនរំលឹកដល់សាធារណជន រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូ អ្វីមួយ សូមបញ្ជាក់ឱ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើឱ្យមានការភាន់ច្រឡំ ពីសាធារណជន។
បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

