លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ជូនដល់មន្ត្រីរាជការរបស់ក្រសួង និងបណ្តាអង្គភាពឯកជន ដែលរួមមាន៖ សមាគមវិទ្យុ សមាគមទូរទស្សន៍កម្ពុជា និងសមាគមអ្នកសារព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ លើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និងចំណេះដឹងស្តីពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទំនាក់ទំនងសាធារណៈ ដល់មន្ត្រីរាជការក្រសួងព័ត៌មាន និងបណ្តាអង្គភាពឯកជន ពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីចូលរួមអនុវត្តការងារ និងលើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយប្រកបដោយគុណភាព និងសុវត្ថិភាព។
វគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» នេះ មានការអញ្ជើញចូលរួមពីគ្រូឧទ្ទេស និងគ្រូតម្រង់ទិស ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចំនួន៦រូប ដែលមានមុខវិជ្ជាបង្រៀន ចំនួន ៨មុខវិជ្ជា ក្នុងនោះរួមមាន៖
ទី១៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើបឋកថាលើមុខវិជ្ជា ការដឹកនាំស្ថាប័ន និងទំនាក់ទំនងសាធារណៈ
ទី២៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ធ្វើបទបង្ហាញលើមុខវិជ្ជា ទំនាក់ទំនងសាធារណៈ វិបត្តិ និងដំណោះស្រាយ
ទី៣៖ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ធ្វើបទបង្ហាញពីមុខវិជ្ជា ភាពជាអ្នកដឹកនាំក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វ ផ្សាយសោតទស្សន៍៖
-ភាពជាអ្នកដឹកនាំលើចក្ខុវិស័យជាយុទ្ធសាស្ត្រ និងនវានុវត្តន៍
-ភាពជាអ្នកដឹកនាំលើប្រព័ន្ធផ្សព្វផ្សាយជំនាន់ថ្មី និងឌីជីថល និងភាពជាអ្នកដឹកនាំលើសមត្ថភាព និងតួនាទីស្នូល
ទី៤៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ធ្វើបទបង្ហាញពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងដោយផ្តោតលើ ការរៀបចំផែនការ ការបែងចែកភារកិច្ច និងធនធាន ការតាមដាន និងវាយតម្លៃ
ទី៥៖ លោក ស្លេះ អាល់ហ្វឺន អនុរដ្ឋលេខាធិការ ធ្វើបទបង្ហាញពីការគ្រប់គ្រងអង្គភាព៖ ការដឹកនាំរៀបចំផែនការសកម្មភាព, ផែនការសកម្មភាពកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស
និងទី៦៖ លោក សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ធ្វើបទបង្ហាញពីផែនការបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍៕






