លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦,៣៥៥បណ្ណ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ក្នុងពិធីជាប្រវត្តិសាស្ត្រនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ សម្រាប់ការដឹកនាំ និងផ្តល់ការគាំទ្រពេញលេញដល់មូលដ្ឋានផ្ទាល់ ជាពិសេសការបំពេញការងាររបស់មន្រ្តីបច្ចេកទេសក្រុមវាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ឈានទៅរកការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនាថ្ងៃនេះ។
លោករដ្ឋមន្រ្តី ឌិត ទីណា បានអបអរសាទរប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក និងស្រុកម៉ាឡៃ ដែលទើបទទួលបណ្ណកម្មសិទ្ធិ ហើយបានលើកឡើងអំពីអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាច្រើនជំនាន់ទៅមុខ ជាពិសេសការកាត់បន្ថយវិវាទ ដែលជំរុញការប្រេីប្រាស់ដីធ្លីជាទ្រព្យសកម្ម ទ្រព្យវិនិយោគ ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ជួយលើកកម្ពស់ជីវភាពកាន់តែល្អប្រសើរ និងបង្កើតបរិយាកាសគ្មានវិវាទក្នុងសង្គមជាតិ។
ជាថ្មីម្ដងទៀត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាបង្ហើយការចុះបញ្ជីដីធ្លី និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ្ឋ ព្រមទាំងការពារ និងទប់ស្កាត់ការទន្ទ្រានដីសាធារណៈ រហូតសម្រេចបាននូវលទ្ធផលគឺជាទីមោទនៈនេះ៕








